ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានស្នើសុំទុន ៣០លានដុល្លារបន្ថែមទៀតពីរាជរដ្ឋាភិបាល ដើម្បីបង្កើន ចង្វាក់ផលិតនិងរក្សាសមត្ថភាពប្រកួតប្រជែងក្នុងវិស័យកសិឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីទុន ៥០លាន ដុល្លាររបស់រាជរដ្ឋាភិបាលកាលពីពេលកន្លងទៅបានអស់។
ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានមានប្រសាសន៍ថា ការស្នើសុំទុនបន្ថែមនេះ គឺដើម្បីផ្ដល់ឥណទានក្នុងអត្រាការប្រាក់ទាបជូនដល់ប្រជាកសិករ ក៏ដូចជាចូលរួមចំណែកជាមួយ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញនិងលើកទឹកចិត្តឱ្យបង្កើនការផលិតកសិផលក្នុងស្រុក ក្នុងការធានា សន្តិសុខស្បៀង ជាពិសេសបង្កើនសមត្ថភាពនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ឯកឧត្តម បន្តថា ពាក់ព័ន្ធជាមួយនឹងការស្នើសុំនេះ គឺនៅរង់ចាំតែការសម្រេចពីរារដ្ឋាភិបាលតែប៉ុណ្ណោះ ខណៈបច្ចុប្បន្ន ប្រជាកសិករបានស្នើសុំកម្ចីឥណទានជាបន្តបន្ទាប់ ដើម្បីបង្កើនសមត្ថភាពដាំដុះដំណាំកសិកម្ម ការចិញ្ចឹមសត្វ ការធ្វើវារីវប្បកម្មជាដើម ។
« កន្លងមកយើងបានដាក់ស្នើសុំហើយ តែរង់ចាំការសម្រេចបន្ថែមទៀត គឺយើងស្នើសុំទៅលើការផ្ដល់ឥណទាន ទៅលើបងប្អូនដាំដុះបន្លែផ្លែឈើ ចិញ្ចឹមសត្វ ចិញ្ចឹមត្រី ដែលយើងបានដាក់ស្នើសុំទៅចំនួន ៣០លានដុល្លារបន្ថែមទៀត ព្រោះមានតម្រូវការកាន់តែច្រើនទៅៗសម្រាប់ផ្នែកតូច នេះគឺជាអ្វីដែលបានស្នើសុំ ហើយយើងកំពុងតែបន្តនិតិវិធីបន្តបន្ទាប់ ក្នុងការស្នើសុំទៅរាជរដ្ឋាភិបាល »។

ឯកឧត្តម កៅ ថាច បានលើកទឹកចិត្តដល់កសិករដែលត្រូវការដើមទុនបន្ថែម សូមទំនាក់ទំនងមកធនាគារ ARDB ដើម្បីទទួល បានឥណទាន ធ្វើការពង្រីកការដាំដុះនិងពង្រីកអាជីវកម្មរបស់ខ្លួន។ សូមបញ្ជាក់ថា កាលពីក្នុងដំណាក់កាលជំងឺកូវីដ-១៩រីករាលដាលដំបូង រាជរដ្ឋាភិបាលកម្ពុជាបានទម្លាក់ថវិកា៥០លានដុល្លារ ជួយលើវិស័យចំនួន៤ គឺវិស័យការដាំដុះបន្លែ-ផ្លែឈើ ការចិញ្ចឹមសត្វ ការធ្វើវារីវប្បកម្ម និងការកែច្នៃផលិតផលកសិកម្ម ដើម្បីជួយឱ្យប្រជាកសិករនិងអ្នកវិនិយោគ កាន់តែមានទំនុកចិត្តនៅក្នុងការធ្វើពិពិធកម្មវិស័យកសិកម្មកម្ពុជា ឱ្យមានសន្ទុះ កាន់តែខ្លាំងឡើង ដើម្បីបំពេញតម្រូវការក្នុងស្រុកនិងជំរុញការនាំចេញ ៕




ប្រភព៖ ក្រសួងព័ត៌មាន


