តំណាងក្រុមប្រឹក្សាប្រឹក្សាទេសចរណ៍វៀតណាម (TAB) បានលើកឡើងថា ប្រទេសវៀតណាមអាចបើកដំណើរការឡើងវិញសម្រាប់ភ្ញៀវទេសចរបរទេសចាប់ពីខែកក្កដានេះ ដោយកត់សម្គាល់ថាការផ្ទុះឡើងនៃជំងឺ Covid-19 ត្រូវបានគ្រប់គ្រងបាន និងយុទ្ធនាការចាក់វ៉ាក់សាំងដែលកំពុងដំណើរការនៅក្នុងប្រទេសវៀតណាម និងប្រទេសជាច្រើនទៀតនៅជុំវិញពិភពលោក។
ប្រធានលេខាធិការដ្ឋាន TAB លោក Hoang Nhan Chinh បានមានប្រសាសន៍ថា ប្រទេសចិន សាធារណរដ្ឋកូរ៉េ តៃវ៉ាន់ ជប៉ុន និងបណ្តាប្រទេសអាស៊ាន គឺជាប្រភពទេសចរណ៍នៅជិតប្រទេសវៀតណាម ហើយប្រជាជននៅក្នុងប្រទេសទាំងនោះបានធ្វើដំណើរកម្សាន្តជារៀងរាល់ឆ្នាំមកកាន់ប្រទេសវៀតណាម។
លោកបានបន្តថា រដូវធ្វើដំណើរដ៏ពេញនិយមបំផុតរបស់់ប្រជាជនជប៉ុន គឺខែមីនា និងសីហា ដូច្នេះហើយការសាកល្បងបើកឡើងវិញអាចត្រូវបានធ្វើឡើងនៅខែកក្កដា ដើម្បីទាក់ទាញភ្ញៀវទេសចរមកពីប្រទេសនោះ។ ទន្ទឹមនឹងនេះដែរ ប្រទេសវៀតណាមអាចចាប់ផ្តើមទទួលភ្ញៀវទេសចរត្រឡប់មកវិញ ពីទីផ្សារឆ្ងាយៗដូចជា អូស្រ្តាលី រុស្ស៊ី និងអឺរ៉ុបចាប់ពីខែតុលា។

ប្រធានលេខាធិការដ្ឋាន TAB បានសង្កត់ធ្ងន់ថា ប្រសិនបើការចាក់វ៉ាក់សាំងត្រូវបានអនុវត្តយ៉ាងល្អនៅក្នុងប្រទេសវៀតណាម ជាពិសេសសម្រាប់កងការពារជួរមុខ វានឹងផ្តល់នូវឱកាសដ៏ល្អ ដើម្បីទាក់ទាញអ្នកធ្វើវិស្សមកាល។ គួរបញ្ជាក់ផងដែរថា មុនពេលការរីករាលដាលនៃជំងឺរាតត្បាត Covid-19 វិស័យទេសចរណ៍បានចូលរួមចំណែកជាង ១០% នៃផលិតផលក្នុងស្រុកសរុប របស់ប្រទេសវៀតណាម និងបានរកចំណូលបានជាង ៣០ ពាន់លានដុល្លារអាមេរិកក្នុងប្រាក់ចំណូលប្រចាំឆ្នាំ៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus


