បន្ទាប់ពីប្រទេសកម្ពុជាកាលពីឆ្នាំ២០២០ កន្លងទៅ បានជួបគ្រោះទឹកជំនន់ដ៏ធំមួយ ក្នុងនោះមិនត្រឹមតែនៅតាមបណ្ដាខេត្តមួយចំនួនទេ ផ្នែកខ្លះនៃរាជធានីភ្នំពេញក៏ត្រូវលិចលង់ដែរ។ យ៉ាងណាមិញ ក្រោយលិចលង់ដោយជំនន់ទឹកភ្លៀង រដ្ឋបាលរាជធានីភ្នំពេញបានខិតខំយ៉ាងខ្លាំងដោះស្រាយបញ្ហា ដើម្បីបញ្ជៀសក៏ដូចជាកាត់បន្ថយហានិភ័យនៃការជន់លិចនៅក្នុងឆ្នាំនេះ។
ជាក់ស្ដែង យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឲ្យដឹង ដំណេីរការស្តារប្រឡាយមេទួលពង្រសម្រេចបាន ៧០%ហើយ ដោយអាចកាត់បន្ថយជំនន់ទឹកភ្លៀងនារដូវវស្សាខាងមុខនេះបានមួយកំរិតធំ។

ជាមួយគ្នានេះ លោក ដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹកនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា ដោយមានការណែនាំនិងចង្អុលបង្ហាញរបស់ឯកឧត្តម ឃួងស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានដាក់គ្រឿងចក្រកាយស្តារប្រឡាយទួលពង្រទី១ ដែលមានទំហំ៨ ម៉ែត្រ និងជម្រៅ ២ម៉ែត្រ មានប្រវែង៦០០០ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៣ ដល់ប្រឡាយព្រែកហារ ដោយមានការសហការពីមន្ទីរធនធានទឹក និងអាជ្ញាធរខណ្ឌពោធិសែនជ័យ ជាលទ្ធផលស្តារ បាន៧០% ហើយ។

លោកបន្តថា ប្រឡាយនេះមានតួនាទីបង្ហូរទឹក រំដោះទឹកជនន់ពីផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ទៅកាន់បឹងជេីងឯក និងបន្តហូរទៅកាន់ស្ទឹងជ្រៅ ហើយនៅពេលគម្រោងការនេះបញ្ចប់អាចកាត់បន្ថយទឹកជំនន់ទឹកភ្លៀងនារដូវវស្សាខាងមុខនេះបានមួយកំរិតធំ។ គួរជម្រាបផងដែរថា កាលពីឆ្នាំ២០២០ កន្លទៅ ផ្នែកមួយចំនួននៅក្នុងរាជធានីភ្នំពេញត្រូវបានជន់លិចយ៉ាងខ្លាំង ដោយជំនន់ទឹកភ្លៀង ដែលបានបំផ្លាញទាំងទ្រព្យសម្បត្តិ ក៏ដូចជាពេលវេលាប្រកបរបររកស៊ី និងធ្វើការងាររបស់ប្រជាពលរដ្ឋមិនតិចឡើយ៕

អត្ថបទ៖ លីនី
ប្រភព៖ ក្រសួងព័ត៌មាន


