អាជ្ញាធរជាតិអប្សរា អំពាវនាវដល់អ្នកដែលទៅលេងអង្គរ សូមគោរពក្រមប្រតិបត្តិអង្គរ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល !
ទេសចរណ៍ March 19, 2021 Khmernote

អង្គរ គឺជាអតីតរាជធានីខ្មែរដ៏ល្បីល្បាញ ត្រូវបានគេប្រសិទ្ធនាមថា អាណាចក្រខ្មែរ ដែលមកដល់បច្ចុប្បន្ននេះ អង្គរ មិនត្រឹមតែជាបូជនីយដ្ឋានសម្រាប់ពុទ្ធសាសនិក និងប្រជាពលរដ្ឋខ្មែរទូទៅគោរពបូជា សំពះបន់ស្រន់បួងសួងប៉ុណ្ណោះទេ ថែមទាំងជាសម្បត្តិវប្បធម៌ដ៏ល្អឯករបស់មនុស្សជាតិក្នុងពិភពលោកទាំងមូលទៀតផង។

លោក ឡុង កុសល អ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថា អាជ្ញាធរជាតិអប្សរា ជាស្ថាប័នទទួលខុសត្រូវក្នុងការអភិរក្ស និងអភិវឌ្ឍតំបន់រមណីយដ្ឋានអង្គរ ហើយកន្លងមកបានសហការជាមួយអ្នកស្រុកក្នុងតំបន់អង្គរ , ភ្ញៀវទេសចរ , មគ្គុទ្ទេសក៍ទេសចរណ៍ និងក្រុមការងារជួសជុលប្រាសាទជាដើម បានបង្កើតក្រមមួយឈ្មោះថា ក្រមប្រតិបត្តិអង្គរ ដែលមានខ្លឹមសារសំខាន់ៗ គឺ ៖ ហាមស្លៀកមិនសមរម្យខើចលើខើចក្រោម , ហាមប៉ះក្បាច់ចម្លាក់ ឬអង្គុយលើថ្មទ្រុឌទ្រោម , ហាមស្រែកឡូឡា , ហាមឡើងលើគំនរថ្ម , ត្រូវគោរពស្លាកសញ្ញា , ហាមជក់បារី និងចោលសំរាមជាដើម។ ក្នុងគោលបំណងសំខាន់ ដើម្បីឱ្យភ្ញៀវទេសចរដែលមកទស្សនារមណីយដ្ឋានអង្គរវត្តនេះ បានសម្ដែងនូវការគោរព និង លើកតម្លៃ នូវស្នាដៃបុព្វបុរសខ្មែរ ដែលបានកសាងបន្សល់ទុករហូតមកដល់បច្ចុប្បន្ន រួមទាំងធ្វើឲ្យមានរបៀបរៀបរយសម្រាប់តំបន់មណីយដ្ឋានអង្គរ ពិសេសគឺការរួមចំណែកក្នុងការអភិរក្ស និងលើកតម្លៃតំបន់រមណីយដ្ឋានអង្គរ ។

លោក បានបន្ដទៀតថា ក្នុងដំណាក់កាលដែលមេរោគកូវីដ-១៩ កំពុងរីករាលដាលយ៉ាងខ្លាំងនេះ ក្នុងនាមថ្នាក់ដឹកនាំ នៃអាជ្ញាធរជាតិអប្សរា សូមអំពាវនាវចំពោះភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ ដែលបានអញ្ជើញមកទស្សនាតំបន់រមណីយដ្ឋានអង្គរនេះ ត្រូវគោរព និង អនុវត្តន៍តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដូចជាពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងសម្អាតដៃ និងមិនត្រូវជួបជុំមនុស្សច្រើន ឬចូលរួមក្នុងទីកន្លែងងងឹត ចង្អៀតជាដើម ។ល។ ជាពិសេស គឺវិធានការ ៣ការពារ និង ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៕

ប្រភព៖ ក្រសួងព័ត៌មាន