ក្រសួងកសិកម្ម មានផែនការពង្រីកការដាំខ្ទឹមសឲ្យបានច្រើន ដើម្បីឈានទៅកាត់បន្ថយការនាំចូលដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងមួយឆ្នាំៗពីប្រទេសជិតខាងនាពេលអនាគត
សេដ្ឋកិច្ច March 18, 2021 Khmernote

ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទមានផែនការពង្រីកការដាំខ្ទឹមស ឲ្យបានច្រើន ដើម្បីឈានទៅកាត់បន្ថយការនាំចូលដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងមួយឆ្នាំៗពីប្រទេសជិតខាង នាពេលអនាគត។ ផែនការនេះត្រូវបានលើកឡើងដោយឯកឧត្តម វេង​ សាខុន រដ្ឋមន្រ្តីនៃក្រសួងកិសកម្ម រុក្ខប្រមាញ់ និងនេសាទ មុននេះបន្តិចនៅលើគណនីហ្វេសប៊ុករបស់ឯកឧត្តម ដើម្បីចូលរួមអបអរសាទរជាមួយកសិករនៅខេត្តមណ្ឌលគីរី ចំពោះលទ្ធផលសម្រេចបានគួរជាទីពេញចិត្ត លើការដាំខ្ទឹមសសាកល្បង នៅលើទឹកដីខ្ពង់រាបឦសាន។

ឯកឧត្តមបានឲ្យដឹងថា កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ ដោយមានការណែនាំពីឯកឧត្តមផ្ទាល់ លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី បាននាំយកពូជខ្ទឹមស ទៅចែកជូនបងប្អូនកសិករ ចំនួន ០៥ គ្រួសារ ដើម្បីធ្វើការដាំដុះសាកល្បង បន្ទាប់ការដាំដុះដំឡូងបារាំង និងដំណាំមួយចំនួនទៀតទទួលបានជោគជ័យកន្លងមក ។ ក្នុងករណី ការដាំដុះប្រព្រឹត្តទៅបានល្អប្រសើរនោះ ក្រសួងនឹងមានផែនការពង្រីកដំណាំនេះឲ្យបានច្រើន ដើម្បីឈានទៅកាត់បន្ថយការនាំចូលដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងមួយឆ្នាំៗពីប្រទេសជិតខាង នាពេលអនាគត ។

ជាលទ្ធផល អស់រយៈបីខែកន្លងផុតទៅ លោកប្រធានរួមដំណើរជាមួយសហការី បានចូលរួមប្រមូលផលដំណាំខ្ទឹមស របស់កសិករ ភិន ផន ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ដែលបានដាំដុះក្នុងរយៈពេលបីខែកន្លងទៅ ទទួលបានជោគជ័យល្អប្រសើរ មានទិន្នផលខ្ពស់ ហើយឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងប្រកបដោយគុណភាព សុវត្តិភាពដល់អ្នកប្រើប្រាស់ ហើយទន្ទឹមនឹងនេះក៏ទទួលបានតម្លៃល្អប្រសើផងដែរ បើប្រៀបធៀបទៅនឹងមុខដំណាំផ្សេងទៀត ។

ដូច្នេះហើយតាមរយៈលទ្ធផលដែលទទួលបាននៅឆ្នាំនេះ កសិករដែលប្រកបរបរដាំដុះដំណាំកសិកម្ម នៅក្នុងខេត្តមណ្ឌលគីរី មានផែនការក្នុងការពង្រីកផ្ទៃដីបន្ថែមទៀតលើការដាំដុះដំណាំខ្ទឹមស ដែលជាដំណាំមានសក្កានុពល និងជាសមិទ្ធិផលថ្មីមួយទៀតសម្រាប់ខេត្តមួយនេះ៕

អត្ថបទ៖ លីនី