ត្រូវប៉ាន់ទៀតហើយ! វៀតណាមក្លាយជាប្រទេសទី៥ លើពិភពលោក ដែលទទួលបានការអនុញ្ញាតឲ្យនាំចេញចំណីអាហារជាប្រភេទសត្វល្អិតទៅសហភាពអឺរ៉ុប
សេដ្ឋកិច្ច March 18, 2021 Khmernote

ប្រទេសវៀតណាមបានក្លាយជាប្រទេសទី៥ នៅលើពិភពលោកដែលត្រូវបានអនុញ្ញាតដោយសហភាពអឺរ៉ុប ក្នុងការនាំចេញចំណីអាហារជាប្រភេទសត្វល្អិតទៅកាន់ទីផ្សារដែលត្រូវការ នេះបើយោងតាមក្រសួងឧស្សាហកម្ម និងភ្នាក់ងារពាណិជ្ជ​កម្មបរទេស។ ប្រភពពីក្រសួងដដែលបានឲ្យដឹងថា ក្រោមបទប្បញ្ញត្តិរបស់គណៈកម្មការអឺរ៉ុប (EC) ឆ្នាំ២០២១/១៧១ វៀតណាមបានផ្តល់ភ័ស្តុតាង និងការធានាគ្រប់គ្រាន់ដល់អគ្គនាយកដ្ឋានដើម្បីសុខភាពនិងសុវត្ថិភាពចំណីអាហារ (DG SANTE) ដើម្បីដាក់បញ្ចូលក្នុងបញ្ជីប្រទេស ឬ តំបន់ទីបី ដែលត្រូវបានអនុញ្ញាតសម្រាប់ការបញ្ជូនសត្វល្អិតចូលទីផ្សារអឺរ៉ុប។

ជាមួយគ្នានេះ បទបញ្ជានេះបានចូលជាធរមានកាលពីថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ ២០២១ ហើយបទបញ្ជារបស់សហភាពអឺរ៉ុបនេះផងដែរ ត្រូវបានគេរំពឹងថា នឹងផ្តល់នូវក្បាលម៉ាស៊ីនថ្មីសម្រាប់ឧស្សាហកម្មម្ហូបអាហាររបស់វៀតណាមដើម្បីពង្រីកបន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា មុនពេលផ្ដល់ការអនុញ្ញាតដល់ប្រទេសវៀតណាម ប្រទេស កាណាដា ស្វ៉ីស សាធារណរដ្ឋកូរ៉េ និងថៃ ក៏ត្រូវបានផ្តល់ការអនុញ្ញាតសម្រាប់ផលិតផលដែលមានមូលដ្ឋានលើសត្វល្អិតរបស់ពួកគេ ពីសហភាពអឺរ៉ុបផងដែរ ដែលត្រូវបានផ្សព្វផ្សាយដោយអ្នកជំនាញផ្នែកអាហារូបត្ថម្ភថា ជាអាហារនាពេលអនាគតដើម្បីចូលទីផ្សារអឺរ៉ុប៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus