ឱកាសល្អសម្រាប់អ្នកចង់ធ្វើការនៅក្រៅស្រុក! កូរ៉េខាងត្បូងផ្តល់កូតា ៥០ ភាគរយដល់ពលករកម្ពុជានៅឆមាសទី១ ឆ្នាំ ២០២១ នេះ
សេដ្ឋកិច្ច March 18, 2021 Khmernote

ក្រោមប្រព័ន្ធអនុញ្ញាតិការងារ (EPS) សាធារណរដ្ឋកូរ៉េផ្តល់កូតា ៥០ ភាគរយដល់ពលករចំណាកស្រុកកម្ពុជាទៅធ្វើការនៅប្រទេសក្នុងឆមាសទី១ ឆ្នាំ ២០២១។ ព័ត៌មាននេះត្រូវបានចែករំលែកដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីពេលថ្មីៗនេះ ដោយបន្ថែមថាប្រទេសកម្ពុជាបានបញ្ជូនពលករជាង ៣,៤០៤ នាក់ទៅប្រទេសកូរ៉េខាងត្បូង ដែលភាគច្រើនជាកម្មករធ្វើការក្នុងវិស័យឧស្សាហកម្ម។

ប្រភពដដែលបានបន្តទៀតថា ចំនួនកម្មករសរុបដែលបានចុះឈ្មោះស្វែងរកការងារធ្វើនៅឆ្នាំ២០២១ មានចំនួន ២២,៦៩៧ នាក់ក្នុងនោះមាន ១៦,២៦១ នាក់នៅក្នុងឧស្សាហកម្ម កម្មករ ៥,៧៧៨ នាក់ក្នុងវិស័យកសិកម្ម និងចិញ្ចឹមសត្វ និង ៦៥៨ នាក់នៅក្នុងវិស័យសំណង់។

ជាមួយគ្នានេះ កាលពីដើមខែមុនប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដឹកនាំដោយប្រព័ន្ធអនុញ្ញាតការងារទី៦ (EPS) បានចូលក្នុងអនុស្សរណៈនៃការយោគយល់គ្នាមួយ សម្រាប់ការបញ្ជូនពលករកម្ពុជាបន្ថែមទៀតទៅកាន់ប្រទេសកូរ៉េខាងត្បូង។

ប្រព័ន្ធអនុញ្ញាតការងាររវាងកម្ពុជា និងកូរ៉េខាងត្បូងត្រូវបានចុះហត្ថលេខាដំបូងនៅថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ ២០០៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Roh Moo-Hyun អតីតប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ។

សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០០៧ ប្រទេសកម្ពុជាបានបញ្ជូនកម្មករសរុបចំនួន ៦៨,២៩៤ នាក់ (ស្រី ១៤,២៥៥ នាក់) ទៅធ្វើការក្នុងវិស័យឧស្សាហកម្មកសិកម្ម និងសំណង់នៅប្រទេសកូរ៉េខាងត្បូង។ បច្ចុប្បន្ននេះមានពលករកម្ពុជាប្រមាណ ៤៥,៤៦២ នាក់ (ស្រី ១០,១៨៣នាក់) ដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េ៕

ប្រភព៖ ក្រសួងព័ត៌មាន