ឥណ្ឌូនេស៊ី ប្រកាស​បើកផ្លូវការ​នូវតំបន់បៃតងចំនួន ៣ នៅក្នុងកោះបាលីសម្រាប់ភ្ញៀវទេសចរមកកម្សាន្តក្នុងកំឡុងពេលកូវីដ
ទេសចរណ៍ March 18, 2021 Khmernote

ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានប្រកាស​បើកផ្លូវការ​នូវតំបន់បៃតងចំនួន ៣ នៅក្នុងកោះបាលីសម្រាប់ភ្ញៀវទេសចរមកកម្សាន្តដោយមិនចាំបាច់ភ័យព្រួយក្នុងការឆ្លងវីរុស Covid-19។ ការបើកឲ្យដំណើរការជាផ្លូវការនេះ គឺត្រូវបានធ្វើឡើងបន្ទាប់ពីមានការថយចុះគួរឱ្យកត់សម្គាល់ នៃចំនួនករណីឆ្លងវីរុស Covid-19 ប្រចាំថ្ងៃ និងយុទ្ធនាការចាក់ថ្នាំបង្ការរោគនៅក្នុងប្រទេស។

ថ្លែងទៅកាន់យុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំនៅកោះបាលីនាថ្ងៃទី១៦ ខែមីនា ប្រធានាធិតីឥណ្ឌូនេស៊ីបានមានប្រសាសន៍ថា តំបន់បីដែលត្រូវបានចាត់តាំងរួមមានតំបន់ Ubud នៅស្រុក Gianyar, Sanur ក្នុងក្រុង Denpasar និង Nusa Dua នៅស្រុក Badung។ ជាមួយគ្នានេះដែរអាជ្ញាធរកោះបាលីបានចាក់វ៉ាក់សាំងការពារវីរុស Covid-19 ដល់អ្នកនៅក្នុងឧស្សាហកម្មទេសចរណ៍ អ្នកដឹកនាំសាសនា និងអ្នកតំណាងវប្បធម៌និងយុវជន។

លោកបានបន្ថែមថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងនេះ អ្នកទេសចរនឹងមានអារម្មណ៍ថាមានសុវត្ថិភាព និងមានផាសុកភាពក្នុងការស្នាក់នៅកោះបាលី។ ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិត លោក Sandiaga Uno បាននិយាយថាប្រទេសឥណ្ឌូនេស៊ីកំពុងគិតគូរយ៉ាងខ្លាំងអំពីការធ្វើអាជីវកម្មសម្រាប់ប្រជាជន ២ លាននាក់នៅកោះបាលីរហូតដល់ខែកក្កដា សម្រាប់ជាប្រយោជន៍នៃការស្តារទេសចរណ៍ឡើងវិញ។

គួរបញ្ជាក់ផងងដែរថា ក្រៅពីការបើកនេះ កាលពីដើមខែនេះ លោកបានប្រកាសផែនការបើកដំណើរការកន្លែងទេសចរណ៍ដ៏ល្បីល្បាញ និងកន្លែងផ្សេងទៀតដែលមានហានិភ័យទាបនៃការឆ្លងវីរុស Covid-19៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus