រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសថៃ កំពុងមានក្តីសង្ឃឹមលើការដាក់ឱ្យប្រើប្រាស់វ៉ាក់សាំង Covid-19 ដើម្បីចាប់ផ្តើមសេដ្ឋកិច្ចដែលបានកាត់បន្ថយ។ លោក Arkhom Termpittayapaisith មានប្រសាសន៍ថា សេដ្ឋកិច្ចគួរតែចាប់ផ្តើមងើបឡើងវិញនៅត្រីមាសចុងក្រោយនៃឆ្នាំនេះ ដោយអះអាងថា ការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាលនឹងជួយបង្កើនទំនុកចិត្តរបស់សាធារណជនដែលនាំឱ្យមានការធ្វើដំណើរក្នុងស្រុកកាន់តែច្រើន។
លោកបានបន្ថែមថា អ្វីដែលកាន់តែបង្កើនទំនុកចិត្តទៀតនោះ គឺក្រោយពេលចាក់វ៉ាក់សាំង AstraZeneca លោកមិនមានបញ្ហាអ្វីឡើយ ។ លោកបានលើកឡើងដូច្នេះថា៖ « បន្ទាប់ពីចាក់រួចខ្ញុំនៅតែមានអារម្មណ៍ល្អ ដោយគ្មានផលប៉ះពាល់ ហើយដៃរបស់ខ្ញុំមិនឈឺ។ ការចាក់វ៉ាក់សាំងនេះ គឺស្រដៀងគ្នាទៅនឹងការចាក់វ៉ាក់សាំងផ្សេងទៀត។ ជាមួយគ្នានេះភាពអាចរកបាន និងការចែកចាយថ្នាំបង្ការនឹងផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចទាំងមូល ហើយគួរតែបង្កើនទំនុកចិត្តរបស់ប្រជាជន »។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឲ្យដឹងថាលោក Arkhom និយាយថាការនាំចេញគួរតែត្រូវបានបង្កើនដើម្បីជួយដល់ផលប៉ះពាល់នៃវិស័យទេសចរណ៍ដែលមិនមានភាពរឹងមាំ។ លោកក៏បានបន្ថែមទៀតថា កញ្ចប់ជំនួយសង្គ្រោះរោគរាតត្បាតដែលមានចំនួន ១.៩ ទ្រីលានដុល្លារដែលណែនាំដោយប្រធានាធិបតី Joe Biden ក៏គួរតែជួយដល់ការនាំចេញរបស់ប្រទេសថៃផងដែរ។

អ្វីដែលសំខាន់ទៀតនោះ គឺវិស័យនាំចេញត្រូវងើបឡើងវិញឆ្លៀតយកប្រយោជន៍ពីសេដ្ឋកិច្ចដែលងើបឡើងវិញ ដើម្បីបង្កើនការដឹកជញ្ជូនតាមដែលអាចធ្វើទៅបាន ដើម្បីជួយទូទាត់ចំណូលទេសចរណ៍ដែលនៅតែខ្សោយ ខណៈវិស័យនាំចេញមិនមានការរឹតត្បិតដូចសកម្មភាពទេសចរណ៍ទេ។

មិនតែប៉ុណ្ណោះលោកក៏បានបន្ថែមថា ប្រសិនបើការរឹតត្បិតការធ្វើដំណើរអន្តរជាតិត្រូវបានបន្ធូរបន្ថយ វានឹងជម្រុញសេដ្ឋកិច្ចថៃនៅត្រីមាសចុងក្រោយនៃឆ្នាំនេះ។ ដោយឡែកទាក់ទងនឹងការធ្វើដំណើរក្នុងស្រុក លោកនិយាយថាក្រុមហ៊ុនអាកាសចរណ៍កំពុងរាយការណ៍ពីការកក់ជើងហោះហើរពេញលេញសម្រាប់ថ្ងៃឈប់សម្រាកនៃពិធីបុណ្យសង្រ្កាន ដែលជាសញ្ញាបង្ហាញថា មនុស្សកាន់តែច្រើននឹងទៅទស្សនាខេត្តផ្សេងៗគ្នានៅថ្ងៃវិស្សមកាលនេះ ដោយផ្តល់ឱ្យសេដ្ឋកិច្ចក្នុងស្រុកនូវការជំរុញឲ្យងើបឡើងវិញ៕

អត្ថបទ៖ លីនី
ប្រភព៖ thethaiger


