ថៃ ត្រូវប៉ាន់ខ្លាំងក្នុងការនាំចេញជ្រូករស់ និងសាច់ ទៅប្រទេសជិតខាង ដោយសារមូលហេតុមួយនេះ
សេដ្ឋកិច្ច March 16, 2021 Khmernote

ថៃ៖ ខណៈពេលដែលការនាំចេញសរុបបានធ្លាក់ចុះ ៦% កាលពីឆ្នាំមុន ដោយសារការរីករាលដាលនៃវីរុស Covid-19 ការនាំចេញជ្រូករស់របស់ប្រទេសថៃបានកើនឡើង ៣៣៩% ក្នុងតម្លៃ ហើយការដឹកជញ្ជូនសាច់ជ្រូកក្លាសេ កក និងកែច្នៃបានកើនឡើង ៦៩% ស្របពេលដែលប្រទេសនេះ ជាប្រទេសមួយក្នុងចំណោមអាស៊ីមួយចំនួនដែលមិនមានករណីផ្ទុះជំងឺគ្រុនក្ដៅជ្រូកអាហ្រ្វិក។

លោក Phusit Ratanakul Sereroengrit អគ្គនាយកការិយាល័យគោលនយោបាយ និងយុទ្ធសាស្រ្តពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងក្នុងបទសម្ភាសន៍តាមអ៉ីមែលថា នៅត្រឹម ០.៣% នៃការនាំចេញសរុបរបស់ថៃ ការនាំចេញសត្វជ្រូក និងសាច់ជ្រូក មិនគ្រប់គ្រាន់ដើម្បីទូទាត់សងសម្រាប់ការធ្លាក់ចុះនៃផលិតផលផ្សេងទៀតកាលពីឆ្នាំមុនទេ។ ប៉ុន្តែលោក Phusit រំពឹងថា ការនាំចេញសាច់ជ្រូកនិងផលិតផលម្ហូបអាហារផ្សេងទៀត នឹងបន្តកើនឡើងនៅឆ្នាំនេះដោយសាររដ្ឋាភិបាល ជំរុញឱ្យប្រទេសថៃក្លាយជាអ្នកផលិតអាហារដែលមានគុណភាពល្អបំផុតនៅលើពិភពលោក និងពង្រីកចំណែកទីផ្សារអាហារពិភពលោក។

យោងតាមក្រសួងពាណិជ្ជកម្មថៃ សត្វជ្រូកនៅប្រទេសកម្ពុជា ឡាវ និងវៀតណាម ត្រូវបានរងការវាយប្រហារយ៉ាងខ្លាំង។ ហើយកាលពីឆ្នាំ មុនប្រទេសថៃបាននាំចេញជ្រូករស់ទៅប្រទេសជិតខាងរួមមាន​៖ កម្ពុជាចំនួន ៦១% វៀតណាម ២៦% ឡាវ ១០% និងមីយ៉ាន់ម៉ា ៣% ។

ក្រសួងក៏បានឲ្យដឹងបន្ថែមថា ការនាំចេញសាច់ជ្រូកត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងទាំងបរិមាណ និងតម្លៃក្នុងរយៈពេលពីរឆ្នាំខាងមុខរហូតដល់ហ្វូងសត្វរបស់ប្រទេសជិតខាងត្រឡប់ទៅរកកម្រិតធម្មតាវិញ ឬ នៅពេលដែលវ៉ាក់សាំងប្រឆាំងនឹងគ្រុនក្តៅមានច្រើន។

គួរបញ្ជាក់ផងដែរថា ការនាំចេញសត្វជ្រូករស់ និងសាច់ជ្រូក បានកើនឡើង ២១៧% គិតជាទឹកប្រាក់ស្មើនឹង ៦៧៥ លានដុល្លារអាមេរិកកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះនៅខែមករាឆ្នាំ ២០២១ ការនាចេញមានចំនួនសរុប ៦៥លានដុល្លារកើនឡើង ៣៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

អត្ថបទ៖ លីនី
ប្រភព​៖ bangkokpost