សារព័ត៌មានល្បីប្រចាំប្រទេសថៃ Bangkok Post នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នេះ បានបង្ហើបព័ត៌មានលម្អិតអំពីផ្លូវដែកចំនួនពីរខ្សែ ដែលនឹងត្រូវប្រកាសនៅក្នុងសិក្ខាសាលាមួយនាថ្ងៃទី១៩ ខែមីនា។ ប្រភពដដែលបានបង្ហើបឲ្យដឹងថា បណ្ដាញផ្លូវរដ្ឋ (SRT) បានផ្ញើលិខិត អញ្ជើញតំណាងការិយាល័យរដ្ឋាភិបាល រដ្ឋបាលមូលដ្ឋាន និងសាធារណជនទូទៅ ឱ្យចូលរួមសិក្ខាសាលាដែលនឹងត្រូវដឹកនាំដោយអភិបាលខេត្តតាក់ គឺលោក Pongrat Piromrat។
ផ្លូវដែកចំនួនពីរខ្សែដែលបានគ្រោងទុក ហើយត្រៀមប្រកាសនោះរួមមានទី១ ផ្លូវដែកនៅ Mae Sot-Tak និងទី២ Kamphaeng Phet-Nakhon Sawan។ គួររម្លឹកផងដែរថា នៅឆ្នាំ២០២០ ក្រុមប្រឹក្សា SRT បានអនុម័ត ការជួលក្រុមហ៊ុន Tesco Co, សាកលវិទ្យាល័យ Chulalongkorn និងក្រុមហ៊ុន Design Concept Co ក្នុងតម្លៃ ១៦៨លានបាត ដើម្បីធ្វើការសិក្សាលើការរចនា និងការធ្វើអាជីវកម្មដីនិងរៀបចំវាយតម្លៃផលប៉ះពាល់បរិស្ថានសម្រាប់ការសាងផ្លូដែក ២៥៦គីឡូម៉ែត្រ ដែលមានគម្រោងចំណាយចំនួន ៩៦ ពាន់លានបាត (ប្រហែលជាង ៣ពាន់លានដុល្លារ) ហើយក្រុមនេះត្រូវបានផ្តល់ពេល ៣៦០ថ្ងៃដើម្បីបញ្ចប់ការងារ។

យ៉ាងណាមិញ នៅក្នុងសិក្ខាសាលាដែលនឹងប្រព្រឹត្តឡើងឆាប់ៗនេះតំណាង SRT នឹងពន្យល់លំអិតអំពីគម្រោង ដោយគម្រោងនេះ គឺជាផ្នែកដំបូងនៃផ្លូវដែកទ្វេភាគីតាមបណ្តាញផ្លូវសេដ្ឋកិច្ចភាគខាងកើត និងភាគខាងលិច ដែលនឹងគាំទ្រដល់ការដឹកជញ្ជូនទៅកាន់ប្រទេសជិតខាងដូចជា មីយ៉ាន់ម៉ា ឡាវ វៀតណាម និងប្រទេសកម្ពុជា ក៏ដូចជាជួយក្នុងការជំរុញពាណិជ្ជកម្ម និងទេសចរណ៍នៅក្នុងតំបន់៕


អត្ថបទ៖ លីនី
ប្រភព៖ bangkokpost


