ខណៈពេលដែលកំពុងស្វះស្វែងទប់ស្កាត់វីរុស និងរៀបចំដើម្បីបើកប្រទេសឡើងវិញទទួលស្វាគមន៍ភ្ញៀវទេសចរ រដ្ឋមន្រ្តីក្រសួងទេសចរណ៍និងកីឡា លោក Phiphat Ratchakitprakarn បានឲ្យដឹងថា លោកនឹងស្នើឱ្យមជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាព Covid-19 (CCSA) អនុញ្ញាតឱ្យជនជាតិនៃប្រទេសដែលមានហានិភ័យមធ្យមជាង ៧០ ប្រទេសរួមមាន ចិន ឥណ្ឌា អាល្លឺម៉ង់ អ៉ីតាលីចូលក្នុងប្រទេសថៃចាប់ពីថ្ងៃទី ១ ខែមេសា។
បើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយបានឲ្យដឹងថា ការស្នើសុំនេះនឹងត្រូវធ្វើឡើងនៅក្នុងកិច្ចប្រជុំ (CCSA) ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រីប្រាយុធ ចានអូចា នៅថ្ងៃទី ១៩ ខែមីនា ខាងមុខនេះ ដែលនឹងពិចារណាលើសំណើរបស់ក្រសួងសុខាភិបាលសាធារណៈ ដើម្បីបន្ធូរបន្ថយការរឹតត្បិតលើការធ្វើដំណើរ។

ទន្ទឹមនឹងនោះដែរ ក្រសួងសុខាភិបាលនឹងស្នើ ការដាក់ឱ្យនៅដាច់ពីគ្នា ដើម្បីបន្ថយមកត្រឹម ៧ ថ្ងៃសម្រាប់ភ្ញៀវទេសចរដែលបានបានចាក់វ៉ាក់សាំងរួចរាល់ និង ១០ថ្ងៃ សម្រាប់ភ្ញៀវទេសចរដែលមិនបានទទួលការចាក់វ៉ាក់សាំង។ គួររម្លឺកផងដែរថា កាលពីពេលថ្មីៗនេះ អ្នកនាំពាក្យនៃមជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាព Covid-19 (CCSA) បាននិយាយថា ប្រសិនបើការចាក់វ៉ាក់សាំងនៅតាមបណ្ដាប្រទេសដទៃទៀត បានបន្តបន្ធូរបន្ថយស្ថានការណ៍រាតត្បាត ប្រទេសថៃអាចនឹងត្រូវបើកប្រទេសឡើងវិញនៅក្នុងឆ្នាំនេះ៕


អត្ថបទ៖ លីនី
ប្រភព៖ nationthailand


