អង្គរ នឹងកាន់តែស្អាត! អាជ្ញាធរជាតិអប្សរា កំពុងបង្កើនសកម្មភាពថែទាំតំបន់រមណីយដ្ឋានអង្គរដើម្បីត្រៀមទទួលភ្ញៀវសាជាថ្មី
ទេសចរណ៍ March 12, 2021 Khmernote

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅរសៀលថ្ងៃទី១១ខែមីនាឆ្នាំ២០២១នេះថា ការរីករាលដាលជាសកលនៃជំងឺកូវីដ ១៩ ធ្វើឱ្យភ្ញៀវទេសចរនៅតំបន់អង្គរ មានភាពស្ងប់ស្ងាត់ខ្លាំង ហើយភ្ញៀវស្ងាត់ តែការងារនៅអង្គរមិនស្ងាត់នោះទេ។ លោកបន្តថា ការរៀបចំសណ្តាប់ធ្នាប់តូបលក់ដូរ ការស្តារហេដ្ឋារចនាសម្ពន្ធ ដាំសួន ដាំកូនឈើ ថែទាំ ទល់ទ្រ និងជួសជុលប្រាសាទជាដើម គឺជាសកម្មភាពដែលមានជាប្រចាំនៅអង្គរ។

ដោយឡែកភ្នាក់ងារទេសចរណ៍ ដែលនៅជាប្រចាំតាមប្រាសាទក្នុងការណែនាំភ្ញៀវ សម្របសម្រួលបញ្ហាផ្សេងៗ និងទប់ស្កាត់ភាពឆ្គាំឆ្គងភ្ញៀវទេសចរដែលផ្ទុយនឹងក្រមប្រតិបត្តិអង្គរ នៅបន្តបំពេញការងាររបស់ខ្លួនតាមប្រក្រតី។ លោកបានលើកឡើងថា ពិតហើយ ភ្ញៀវទេសចរនៅសល់តិចតួច តែមិនមែនអត់នោះទេ ហើយបញ្ហាអាចនឹងកើតមានឡើង សូម្បីតែភ្ញៀវទេសចរម្នាក់ឬពីរនាក់ បើយើងមើលមិនដិតដល់ទេនោះ។

លោកបានបន្តទៀតថា ក្រៅពីភារកិច្ចរបស់ខ្លួនជាមួយភ្ញៀវទេសចរ ភ្នាក់ងារក៏បានចូលរួមយ៉ាងសកម្មក្នុងការងារផ្សេងៗ ជាមួយផ្នែកពាក់ព័ន្ធដទៃទៀតក្នុងតំបន់អង្គរ ដូចជា ការចូលរួមសម្អាតបរិស្ថាន ការតាមដានស្ថានភាពហានិភ័យនៃថ្មប្រាសាទ និងកិច្ចការអភិរក្ស ជួសជុលប្រាសាទជាដើម។

បើតាម លោក ឡុង កុសល សកម្មភាពជាប្រចាំនេះហើយ ដែលធ្វើឱ្យរមណីយដ្ឋានអង្គរ នៅតែរក្សាបាននូវភាពស្អាត គង់វង្សយូរអង្វែង ជាពិសេស តាមរយៈការស្តារហេដ្ឋារចនាសម្ពន្ធ និងការរៀបចំសួនជាដើម កាន់តែបន្ថែមសម្រស់ដល់រមណីយដ្ឋានអង្គរ។ លោកបានអះអាងថា នេះជាការទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត ក្រោយស្ថានភាពកូវីដ១៩បានធូរស្បើយ៕

ប្រភព៖ ក្រសួងព័ត៌មាន