ដំណឹងល្អ! ឥណ្ឌា ចង់នាំចូលម្រេច និងរមៀតពីកម្ពុជា ក្នុងកិច្ចព្យាយាមបង្កើនការនាំចូលផលិតកម្មកសិកម្ម
សេដ្ឋកិច្ច March 11, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួង​ព័ត៌មាននាថ្ងៃនេះ បានឲ្យដឹងថា ប្រទេសឥណ្ឌា ចង់នាំចូលម្រេច និងរមៀតពីប្រទេសកម្ពុជា។ ប្រភពដដែលបានឲ្យដឹងថា ស្ថានទូតឥណ្ឌាប្រចាំនៅភ្នំពេញ បានព្យាយាមបង្កើនការនាំចូលផលិតកម្មកសិកម្ម ក្នុងនោះរួមមាន ម្រេច និងរមៀតពីប្រទេសកម្ពុជាផងដែរ។

គោលបំណងនៃការនាំចូលទំនិញកសិកម្មពីកម្ពុជានេះ ត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សារវាងឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា លោកជំទាវ Davyani Uttamkhobragade និងតំណាងសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា។

បើតាមសេចក្ដីថ្លែងការណ៍របស់ស្ថានទូតឥណ្ឌាបានឲ្យដឹងថា ការប្រជុំរបស់ស្ថានទូត ជាមួយសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ប្រកបទៅដោយផ្លែផ្កា ដែលក្នុងនោះភាគីទាំងអស់បានពិភាក្សាគ្នា ពីមធ្យោបាយ និងវិធីសម្រាប់បង្កើនការនាំចេញផលិតផលកសិកម្ម រួមមានម្រេច និងរមៀតដែលផលិតនៅកម្ពុជា។

សេចក្ដីថ្លែងការណ៍ដដែលបានបន្តឲ្យដឹងថា ជាជំហានដំបូងនៃទិសដៅនេះ ស្ថានទូតនឹងរៀបចំការប្រជុំជាក់ស្តែងរវាងក្រុមប្រឹក្សាគ្រឿងទេសឥណ្ឌា និងសហព័ន្ធ ដែលអាចពិភាក្សាពីឱកាសដែលអាចរកបានសម្រាប់គ្រឿងទេសរបស់ប្រទេសកម្ពុជានៅក្នុងប្រទេសឥណ្ឌានិងតម្រូវការផ្នែកជីវសាស្ត្រ។ បន្ទាប់មកក្រុមហ៊ុនឥណ្ឌានិងកម្ពុជាក៏នឹងមានការប្រជុំ B2B ដែរ។

នាយកប្រតិបត្តិសហព័ន្ធម្រេចនិងគ្រឿងទេសកម្ពុជា បានមានប្រសាសន៍ថា ‌« ការពិភាក្សានេះ គឺជាជំហានមួយទៀតដើម្បីប្រមូលផលិតផលនៅកម្ពុជាដែលត្រូវបានចុះបញ្ជីជាផលិតផលអាទិភាពសម្រាប់នាំចេញទៅប្រទេសឥណ្ឌា។ យើងបាននិយាយអំពីការប្រមូលផលិតផលកសិកម្មអាទិភាពជាពិសេសម្រេច ហើយក្រោមកិច្ចសហការជាមួយស្ថានទូតឥណ្ឌា យើងសង្ឃឹមថា ផលិតផលកសិកម្មបន្ថែមទៀតរួមមានម្រេច និងរមៀតនឹងត្រូវនាំចេញទៅកាន់ប្រទេសឥណ្ឌា »។

សូមជម្រាបផងដែរថា យោងតាម បាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ចម្ការម្រេចនៅទូទាំងប្រទេសមានផ្ទៃដី ៦,៨២២ហិកតា ក្នុងឆ្នាំ ២០២០ ជាមួយនឹងទិន្នផលសរុប ១៨,៨២៩ តោន។ ជាមួយគ្នានេះ ទីផ្សារម្រេចកម្ពុជាដំបូងមាន ១៣ប្រទេស រួមមាន៖ ជប៉ុន ប៊ែលហ្សិក ហូឡង់ បារាំង អាល្លឺម៉ង់ ស្វ៊ីស វៀតណាម អាមេរិក រុស្ស៊ី អង់គ្លេស ឥណ្ឌា បេឡារុស្ស និងកូរ៉េខាងត្បូង៕

ប្រភព៖ ក្រសួងព័ត៌មាន