ថៃ អាចនឹងបើកប្រទេសឡើងវិញនៅក្នុងឆ្នាំនេះ ប្រសិនបើការចាក់វ៉ាក់សាំងនៅតាមបណ្ដាប្រទេសដទៃទៀត បានបន្តបន្ធូរបន្ថយស្ថានការណ៍រាតត្បាត
សេដ្ឋកិច្ច March 11, 2021 Khmernote

អ្នកនាំពាក្យនៃមជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាព Covid-19 (CCSA) បាននិយាយកាលពីថ្ងៃពុធ ថា​ ប្រសិនបើការចាក់វ៉ាក់សាំងនៅតាមបណ្ដាប្រទេសដទៃទៀត បានបន្តបន្ធូរបន្ថយស្ថានការណ៍រាតត្បាត ប្រទេសថៃអាចនឹងត្រូវបើកប្រទេសឡើងវិញនៅក្នុងឆ្នាំនេះ។ លោកស្រី Apisamai Srirangsan បានបន្តថា លោកស្រីបានពិភាក្សាគ្នាជាមួយអភិបាលរង សាមុត សាខុន លោក Thiraphat Khashmat អំពីការឆ្លងនៅក្នុងខេត្ត និងបានដឹងថាចំនួនករណីថ្មីបានធ្លាក់ចុះជាបន្តបន្ទាប់។

ហេតុដូច្នេះ (CCSA) នឹងពិចារណាកែតម្រង់ស្លាកពណ៌ថ្នាក់សម្រាប់ខេត្តនៅថ្ងៃទី១៩ ខែមីនា ព្រោះក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកមានតែខេត្តចំនួន ១០ ប៉ុណ្ណោះដែលបានរាយការណ៍អំពីការឆ្លង។ ជាមួយគ្នានេះ ការបន្ធូរបន្ថយវិធានការណ៍បន្ថែម អាចត្រូវបានពិចារណា មុនថ្ងៃទី០១ ខែមេសា ដូចនេះប្រជាជនអាចរីករាយនឹងពិធីបុណ្យចូលឆ្នាំថ្មីនៅឆ្នាំនេះ។

ទន្ទឹមនឹងនេះ (CCSA) កំពុងពិចារណាពីលទ្ធភាពនៃការបើកដំណើរការប្រទេសឡើងវិញនៅថ្ងៃទី០១ ខែតុលា ប្រសិនបើរដ្ឋាភិបាលបានរៀបចំខ្លួនរួចរាល់ ហើយក្រុមហ៊ុននានាមានឆន្ទៈធ្វើតាមវិធានការសុខភាព រួមទាំងសាធារណជននឹងការពារប្រឆាំងនឹងវីរុសនេះ Covid-19។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១០ ខែមីនា កន្លងទៅនេះ ប្រទេសថៃមានការចុះថយនូវចំនួនករណីថ្មីនៃជំងឺ Covid-19 ដោយមានតែករណីថ្មីចំនួន ៣៩ករណី ប៉ុណ្ណោះ នេះបើយោងតាមមជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាពជំងឺ COVID-19 បាន​បញ្ជាក់៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand