អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា កញ្ចប់ថវិកា ១១៦៤លានដុល្លារ ដែលរាជរដ្ឋាភិបាលកម្ពុជា បានបម្រុងសម្រាប់ដោះស្រាយបញ្ហាជំងឺកូវីដ-១៩ និងស្ដារសេដ្ឋកិច្ចជាតិ ក្នុងឆ្នាំ២០២០ ដែលបានប្រើប្រាស់អស់មួយចំនួនធំហើយ ខណៈថវិកានៅសល់នឹងត្រូវបន្តចំណាយ សម្រាប់ឆ្នាំ២០២១នេះទៀត នេះបើយោងបណ្តាញព័ត៌មាន Fresh News។
លោក មាស សុខសេនសាន បានបន្តថា ចំពោះមុខសម្រាប់ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលបានត្រៀមបម្រុងកញ្ចប់ថវិកាជាង ៨០០លានដុល្លារថែមទៀត សម្រាប់ជួយដោះស្រាយបញ្ហាវិបត្តិជំងឺកូវីដ១៩ និងស្ដារសេដ្ឋកិច្ចកម្ពុជាក្រោយកូវីដ។

លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានពោលយ៉ាងដូច្នេះថា «ថវិកាយើងបានព្រៀងទុកសម្រាប់ឆ្នាំ២០២០ ចំនួន១១៦៤លានដុល្លារ ដោយយើងបានចាយបណ្តើរៗ ហើយសម្រាប់ឆ្នាំ២០២១នេះ យើងមានកញ្ចប់ថវិកាថ្មីថែមទៀត អាចប្រហែលជាង៨០០លានដុល្លារទៀត ដូច្នេះបើសរុបថវិកាដែលនៅសល់សម្រាប់ចំណាយមានជាង ១ពាន់លានដុល្លារ»។

លោកបានបន្តថា «សម្រាប់ឆ្នាំ២០២១នេះ យើងប្រើប្រាស់ដូចគ្នាទៅនឹងឆ្នាំ២០២០ដែរ ដូចជាការបើកផ្តល់សម្រាប់អ្នកក្រីក្រ សម្រាប់ជួយដល់បុគ្គលិកកម្មករ ដែលរងផលប៉ះពាល់ សម្រាប់ជួយដល់ការអនុគ្រោះពន្ធ សម្រាប់កម្មវិធីសាច់ប្រាក់ពលកម្ម រួមទាំងផ្នែកសុខាភិបាលផងដែរ ដូចជាការទិញវ៉ាក់សាំងកូវីដ១៩ ជាដើម»។

បើតាមអ្នកនាំពាក្យរូបនេះ កញ្ចប់ថវិកាប្រមាណ១ពាន់លានដុល្លារ សម្រាប់ចំណាយក្នុងឆ្នាំ២០២១នេះ ត្រូវបានរាជរដ្ឋាភិបាលរៀបចំបម្រុងរួចរាល់អស់ហើយ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានព្យាករណ៍ថា ក្នុងឆ្នាំ២០២១នេះ សេដ្ឋកិច្ចកម្ពុជា នឹងងើបឡើងវិញ ក្នុងរង្វង់៤ភាគរយ។ ការស្ទុះងើបឡើងវិញ ក្នុងកំណើនគួរឲ្យកត់សំគាល់នេះ ត្រូវបានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាអះអាងថា ដោយសារតែការខិតខំប្រឹងប្រែង និងការអន្ដរាគមន៍យ៉ាងខ្លាំងខ្លា របស់រដ្ឋាភិបាលកម្ពុជា ក្នុងនោះរួមមានកញ្ចប់ថវិកាជាង១ពាន់លានដុល្លារនេះផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន


