យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា ប្រទេសវៀតណាមនៅតែជាអ្នកផ្គត់ផ្គង់ទំនិញធំជាងគេរបស់ប្រទេសបារាំង ក្នុងចំណោមបណ្ដាប្រទេសអាស៊ាន ហើយការនាំចេញរបស់វៀតណាមនៅតែមានឱកាសជ្រៀតចូលទីផ្សារអឺរ៉ុបបន្ថែមទៀត។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានគយវៀតណាមបានរាយការណ៍ថា ប្រទេសវៀតណាមបាននាំចេញទំនិញមានតម្លៃជាង ៣០៨.៣ លានដុល្លារ ទៅកាន់ប្រទេសបារាំងក្នុងខែមករាកើនឡើង ២៨% ពីមួយឆ្នាំទៅមួយឆ្នាំ។
ទន្ទឹមនឹងនោះដែរ ប្រទេសវៀតណាមក៏បាននាំចូលទំនិញពីប្រទេសបារាំងចំនួន ១៧៥ លានដុល្លារ ដែលជាការកើនឡើង ៩២% ពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យមានអតិរេកពាណិជ្ជកម្មមានចំនួន ១៣៣.៣ លានដុល្លារ។ បើតាមប្រភពដដែល ការកើនឡើងខ្ពស់បំផុតត្រូវបានគេមើលឃើញតាមរយៈ មធ្យោបាយដឹកជញ្ជូន និងគ្រឿងបន្លាស់ សម្លៀកបំពាក់ វាយនភ័ណ្ឌ សម្លៀកបំពាក់ស្បែក ស្បែកជើង និងអង្ករ។
មិនតែប៉ុណ្ណោះ ទូរស័ព្ទ និងគ្រឿងបន្លាស់ គឺជាកត្តាជំរុញដ៏សំខាន់ចំណូលបានមកពីការនាំចេញលើសពី ៨១.៦ លានដុល្លារ។

ជានេះទៅទៀតនោះ ប្រទេសបារាំង ក៏ជាប្រទេសនាំចូលបន្លែ ផ្លែឈើវៀតណាមធំជាងគេលំដាប់ទី២ នៅសហភាពអ៊ឺរ៉ុប នៅពីក្រោយហូឡង់ ដែលមានតម្លៃជាង ៣.៥ លានដុល្លារ កាលពីខែមករាកើនឡើង ១៧% ពីមួយឆ្នាំទៅមួយឆ្នាំ។ គួរបញ្ជាក់ផងដែរថា ការទទួលបានលទ្ធផលល្អបែបនេះ គឺអាចមកពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប-វៀតណាម (EVFTA) ដែលបានចូលជាធរមានកាលពីខែសីហា ដោយយោងតាមនាយកដ្ឋានទីផ្សារអឺរ៉ុប-អាមេរិក នៅក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម បារាំងជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់វៀតណាមនៅសហភាពអឺរ៉ុប៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus


