ក្រុមហ៊ុនផលិតកៅស៊ូដែលមានឈ្មោះថា Sri Trang Agro-Industry បានប៉ាន់ស្មានថា តម្រូវការកៅស៊ូធម្មជាតិនៅលើពិភពលោក នឹងស្ទុះឡើងវិញដល់ ១៣.៤លានតោននៅឆ្នាំនេះ ពោលគឺកើនឡើង ៧% បើធៀបនឹងឆ្នាំមុន។ លោក Veerasith Sinchareonkul នាយកប្រតិបត្តិក្រុមហ៊ុន Sri Trang បានមានប្រសាសន៍ថា តម្រូវការកៅស៊ូធម្មជាតិនៅឆ្នាំ ២០២១ ទំនងជានឹងងើបឡើងវិញយ៉ាងខ្លាំងនៅពេលដែលជំងឺរាតត្បាត Covid-19 បានស្រកចុះវិញ។
ជាក់ស្ដែងតម្លៃជ័រកៅស៊ូប្លុកក្នុងខែកុម្ភៈឆ្នាំ២០២១ បានកើនឡើងដល់ជាង ១៦០សេនដុល្លារអាមេរិក ក្នុងមួយគីឡូក្រាម គឺកើនឡើង ២២% បើគិតជាមធ្យមនៅឆ្នាំ២០២០ ក្នុងចំនួន ១៣១សេនក្នុងមួយគីឡូក្រាម។

ជាមួយគ្នានេះដែរ លោកបានបន្ថែមថា កត្តាជំរុញតម្លៃកៅស៊ូធម្មជាតិ គឺសេដ្ឋកិច្ចនិងឧស្សាហកម្មរថយន្តនៅប្រទេសចិនដែលបានវិលត្រឡប់ទៅរកកំណើនល្អវិញ។ ខណៈដែលប្រទេសចិន គឺជាប្រទេសប្រើកៅស៊ូធំជាងគេបំផុតនៅលើពិភពលោក។ ទន្ទឹមនឹងនេះតម្រូវការផលិតកម្មសំបកកង់ និងស្រោមដៃកៅស៊ូ បន្ទាប់ពីការផ្ទុះឡើងនៃវីរុស Covid-19 ក៏បានធ្វើឱ្យតម្លៃកៅស៊ូឡើងថ្លៃផងដែរ។

យ៉ាងណាមិញគេរំពឹងថា នឹងអាចលក់កៅស៊ូធម្មជាតិបានជាង ១.២ លានតោននៅឆ្នាំនេះ ឬ ជាមធ្យម ៣០០,០០០ តោនក្នុងមួយត្រីមាស កើនឡើងប្រមាណ ១៦% ពី ១.០៣ លានតោនកាលពីឆ្នាំមុន។ គួរបញ្ជាក់ផងដែរថា តម្លៃកៅស៊ូធម្មជាតិនៅត្រីមាសទី១ ឆ្នាំនេះ នៅតែមានដដែល ហើយតម្លៃកៅស៊ូជាមធ្យមត្រូវបានគេរំពឹងថា នឹងកើនឡើង ៥-១០ ភាគរយពី ១៤៨សេន ក្នុងមួយគីឡូនៅត្រីមាសទី៤ ឆ្នាំ២០២០៕

អត្ថបទ៖ លីនី
ប្រភព៖


