យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The nation Thailand បានឲ្យដឹងថា ប្រទេសថៃ បានធ្លាក់ចំណាត់ថ្នាក់ដល់លេខ៤ ក្នុងនាមជាអ្នកនាំចេញអង្ករលើពិភពលោក។ បើតាមសមាគមននាំចេញអង្ករថៃ កាលពីថ្ងៃអង្គារ កន្លងទៅនេះ បានរាយការណ៍ថា ការនាំចេញអង្ករថៃ សម្រាប់ខែមករា មានចំនួនសរុប ៤២១.៤៧៧ តោនពោលគឺធ្លាក់ចុះ ២៣.២ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាមួយគ្នានវតម្លៃនាំចេញសរុប សម្រាប់ខែមករាមានចំនួន ៧.៨២ ពាន់លានបាតធ្លាក់ចុះ ១៦.២% ធៀបនឹងឆ្នាំមុន។
ប្រភពដដែលបានបន្តឲ្យដឹងថា ការនាំចេញអង្ករថៃពេញមួយឆ្នាំ២០២០ មានចំនួនសរុប ៥.៧២ លានតោន ពោលគឺថយចុះ ២៤.៥% ធៀបនឹងឆ្នាំមុន។ ខណៈតម្លៃនៃការនាំចេញសរុបសម្រាប់ឆ្នាំ២០២០ មានចំនួន ១១៥.៩ ពាន់លានបាត ធ្លាក់ចុះ ១១.២% ធៀបនឹងឆ្នាំ២០១៩។

សមាគមបានក៏បាននិយាយផងដែរថា កត្តាចំបងដែលរារាំងការនាំចេញអង្ករកាលពីឆ្នាំមុន គឺកត្តាកង្វះកុងតឺន័រដឹកទំនិញ និងការកើនឡើងថ្លៃដឹកទំនិញតាមមហាសមុទ្រ។ បន្ថែមលើនេះទៀតតម្លៃអង្ករថៃ ខ្ពស់ជាងគូប្រជែង ដែលជំរុញឱ្យអតិថិជនជ្រើសរើសយកទំនិញដែលមានតម្លៃថោក។

យ៉ាងណាមិញ កត្តានេះបានធ្វើឱ្យប្រទេសថៃធ្លាក់ចំនាត់ថ្នាក់មកលំដាប់ទី៤ ក្នុងនាមជាប្រទេសនាំចេញអង្ករធមជាងគេ បន្ទាប់ពីប្រទេសឥណ្ឌា វៀតណាម និងប៉ាគីស្ថាន។ គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០១៩ ប្រទេសថៃ គឺជាប្រទេសនាំចេញអង្ករធំលំដាប់ទី២ នៅលើពិភពលោក បន្ទាប់ពីប្រទេសឥណ្ឌា៕
អត្ថបទ៖ លីនី
ប្រភព៖nationthailand


