យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីពេលថ្មីៗកន្លងទៅនេះ បានឲ្យដឹងថា ស្រុកបន្ទាយស្រី ខេត្តសៀមរាប បាន និងកំពុងជំរុញការចិញ្ចឹមសត្វ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងបង្កើតឱ្យមានសាច់ប្រចាំតំបន់ នាំយកទៅផ្គត់ផ្គង់ទីផ្សារ។ បើតាមប្រភពដដែលបានបន្តឲ្យដឹងថា ស្រុកបន្ទាយស្រី បានជម្រុញឲ្យកសិករ និងប្រជាពលរដ្ឋក្នុងភូមិ នាំគ្នាងាកមកចិញ្ចឹម ជ្រូកកណ្តុរ និងជ្រូកព្រៃ ពពែ ក្ងាន ទាកាប៉ា មាន់ ។ល។ ដើម្បីជារបរអាចរកចំណូលចូលគ្រួសារបានមួយផ្នែកទៀតក្រៅពីរបរប្រចាំថ្ងៃ ឬ ការធ្វើស្រែចំការ។
គួរបញ្ជាក់ផងដែរថា ស្រុកបន្ទាយស្រី ដែលស្ថិតនៅក្នុងខេត្តសៀមរាបត្រូវបានគេចាត់ទុកថា ជាស្រុកដ៏គំរូមួយប្រចាំខេត្តដែលដឹកនាំដោយអភិបាលវ័យក្មេងនោះគឺលោក ឃឹម ហ្វីណង់។ នាពេលបច្ចុប្បន្ននេះស្រុកបន្ទាយស្រី មានការអភិវឌ្ឍន៍ជាលំដាប់ មិនថាទាំងហេដ្ឋរចនាសម្ព័ន្ធ ឬ ការរស់នៅរបស់ប្រជាជន។ លើសពីនេះ ស្រុកគំរូមួយនេះ ក៏មានការរីកចម្រើនទៅលើវិស័យកសិកម្មផងដែរ ខណៈពេលដែលថ្មីៗនេះអភិបាលខេត្ត បានដាក់ចេញយុទ្ធសាស្ត្រប្រែក្លាយកសិកម្មនៅក្នុងស្រុកបន្ទាយស្រីឱ្យទៅជាដែនដីកសិទេសចរណ៍ដ៏គួរឱ្យទាក់ទាញមួយ សម្រាប់ភ្ញៀវទេសចរ៕









អត្ថបទ៖ លីនី
ប្រភព៖ ក្រសួងព័ត៌មាន


