គិតត្រឹមខែមីនា ការងារបង្កបង្កើនផលស្រូវរដូវប្រាំង ឆ្នាំ២០២១ សម្រេចបានជាង ៦៤ម៉ឺនហិកតា
សេដ្ឋកិច្ច March 6, 2021 Khmernote

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា ការងារបង្កបង្កើនផលស្រូវរដូវប្រាំង ឆ្នាំ២០២១ សម្រេចបានចំនួនជាង ៦៤ម៉ឺនហិកតា ដោយក្នុងនោះមានតំបន់ មួយចំនួនកំពុងមមាញឹកក្នុងការប្រមូលផល។ យោងតាមផេកផ្លូវការរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ រួមជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្រសួងពាក់ព័ន្ធ និងប្រជាកសិករ បានធ្វើឱ្យសម្រេចលើការងារបង្កបង្កើនផលលើផ្ទៃដីស្រូវរដូវប្រាំងប្រមាណជា ៦៤២ ៤៨៣ ហិកតា ស្មើនឹង ១៣៩.៩១ភាគរយ លើផែនការចំនួន ៤៥៩ ២០០ ហិកតា បើទោះជាព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបណ្តាប្រទេសស្ថិតនៅក្នុងអាងទន្លេមេគង្គ បានជួបបញ្ហាប្រឈមទៅនឹងកម្រិតកម្ពស់ទឹកទន្លេមេគង្គ នៅក្នុងរដូវវស្សាឆ្នាំ២០២០ កន្លងទៅ យ៉ាងណាក៏ដោយ ។

ឯកឧត្តមរដ្ឋមន្រ្តីបន្តទៀតថា ខេត្តចំនួន ៥ ក្នុងចំណោម ២៥ រាជធានី-ខេត្ត ដែលបាន សម្រេចដាំដុះលើផ្ទៃដីស្រូវរដូវប្រាំងច្រើនជាងគេ រួមមាន ខេត្តព្រៃវែង សម្រេចបាន ១១១ ២៧៩ហិកតា, ខេត្តតាកែវ សម្រេចបាន ១០៧ ៣៧៧ ហិកតា , ខេត្តកំពង់ធំ សម្រេចបាន ៧៦ ៩៥៦ ហិកតា, ខេត្តកណ្តាល សម្រេចបាន ៥៥ ០៤៧ ហិកតា, និងខេត្តបន្ទាយមានជ័យសម្រេចបាន ៥០ ៥១១ ហិកតា។

ឯកឧត្តមរដ្ឋមន្រ្តីបានឱ្យដឹងទៀតថា ប្រជាកសិករនៅតំបន់មួយចំនួនបាននិងកំពុងបន្តសាបព្រោះ ហើយការប្រមូលផលស្រូវរដូវប្រាំងនៅទូទាំងប្រទេស ក៏បាននិងកំពុងដំណើរការប្រមូលផលបន្តបន្ទាប់ផងដែរ គិតមកត្រឹមថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២១ ប្រជាកសិករសម្រេចប្រមូលផលស្រូវរដូវប្រាំងបានចំនួនជាង ១លាន៤សែនតោន លើផ្ទៃដី ៣២៥ ៦១៣ ហិកតា ស្មើនឹង ៥០,៦៨% ដែលទទួលបានទិន្នផលជាមធ្យមប្រមាណ ៤,៤៣ តោនក្នុង១ ហិកតា។

យោងតាមការព្យាករណ៍របស់អគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា ការប្រមូលផលស្រូវរដូវប្រាំងឆ្នាំនេះ អាចបានចំនួនជាង ២លាន ៦សែនតោន។ ជាមួយគ្នានេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម ដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យ បានឱ្យដឹងដែរថា ការនាំចេញផលិតផលស្រូវពីកម្ពុជា ទៅកាន់ប្រទេសវៀតណាម ក្នុងរយៈពេល២ខែ៤ថ្ងៃ ដើមឆ្នាំ២០២១ នេះ សម្រេចបានចំនួន ៧០៧ ៥៩៥ តោន ក្នុងនោះការនាំចេញស្រូវផ្លូវការមានចំនួន ៣៤៥ ៦០០ តោន។ ដោយឡែកចំពោះទីផ្សារស្រូវឆ្នាំនេះវិញ គឺកសិករភាគច្រើនសប្បាយចិត្ត ព្រោះតម្លៃស្រូវថ្លៃជាងរាល់ឆ្នាំ គឺពី៩៥០រៀល ដល់១ ១៧០ រៀលក្នុងមួយគីឡូក្រាម៕

អត្ថបទ៖ លីនី