ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋទៅលេងកម្សាន្ត អាជ្ញាធរខេត្តព្រះសីហនុកែលម្អឆ្នេរអូរឈើទាលរហូតទៅដល់ឆ្នេរ អូរត្រះ
ទេសចរណ៍ March 6, 2021 Khmernote

ឯកឧត្ដមគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យវិទ្យុជាតិកម្ពុជាដឹងថា ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ ក៏ដូចភ្ញៀវទេសចរដែលមកលេងកម្សាន្តតាមឆ្នេរ និងដើម្បីលើកកម្ពស់សោភ័ណភាព ផងនោះ រដ្ឋបាលខេត្ត ព្រះសីហនុ បានធ្វើការជួស ជុលកែលម្អឆ្នេរ ដោយចាក់ខ្សាច់បំពេញកន្លែងណាដែលមានគ្រលុកឬខូង និងឈូសឆាយកន្លែងដែលខ្ពស់ឱ្យរាបស្មើគ្នាផងដែរ ។

ឯកឧត្ដមបន្តថា ម្យ៉ាង ដោយសារឃើញគេកាយខ្សាច់គរចោលច្រើនស្តាយ ឯកឧត្ដម ក៏បានសុំយកមកចាក់តាមឆ្នេរតែម្តង គឺចាប់ពីឆ្នេរអូរឈើទាល១ ឆ្នេរអូរឈើទាល២ រហូតទៅដល់ឆ្នេរអូរត្រះ ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋមកលេងកម្សាន្ត ។

ក្រុមមន្រ្តីជំនាញបាននិង កំពុង ចាក់បំពេញខ្សាច់ទៅតាមឆ្នេរ ដែលកន្លែងមួយចំនួនមានការខូងបាក់ជារណ្តៅ ចាប់ពីឆ្នេរអូរឈើទាល១ ឆ្នេរអូរឈើទាល២ រហូតទៅដល់ឆ្នេរអូរត្រះ ដែលសកម្មភាពការងារចាក់បំពេញឆ្នេរខ្សាច់នោះ គឺនៅឆ្នេរអូរឈើទាល២ ចាប់ពីស្ថានីយបូមទឹកកខ្វក់រហូតទៅដល់ដើមទីឆ្នេរអូរត្រេះ មាន ១៥រណ្តៅ អស់ខ្សាច់ចំនួន ៤៨ទ្បាន ។ ក្រៅពីនោះ ឈូសឆាយពង្រាបដោយបំពេញពីខ្ពស់ មកទាប តាមស្ថានភាពជាក់ ស្តែងលើទីតាំងស្របឆ្នេរ ។

ចំណែកនៅឆ្នេរអូរឈើទាល១មាន ០១រណ្តៅ អស់ខ្សាច់ចំនួន ០៣ទ្បាន ក្រៅពីនោះ ឈូសឆាយពង្រាបតាមឆ្នេរ ដោយបំពេញពីខ្ពស់ មកទាប តាមស្ថានភាពជាក់ស្តែងលើទីតាំង និងសកម្មភាពការងារចាក់បំពេញឆ្នេរខ្សាច់នៅឆ្នេរអូរឈើទាល២ ចាប់ពីស្ថានីយបូមទឹកកខ្វក់រហូតទៅដល់ដើមទីឆ្នេរអូរត្រេះ មាន ១៥រណ្តៅ អស់ខ្សាច់ចំនួន ៥២ទ្បាន ៕

ប្រភព៖ ក្រសួងព័ត៌មាន