ប្រទេសថៃ អាចនឹងជ្រុះបាត់កេរ្តិ៍ឈ្មោះរបស់ខ្លួន ជាមជ្ឈមណ្ឌលអាកាសចរណ៍ក្នុងតំបន់ ប្រសិនបើរដ្ឋាភិបាលមិនអាចបង្កើនល្បឿនក្នុងការបើកប្រទេសទទួលទេសចរ
សេដ្ឋកិច្ច March 5, 2021 Khmernote

ប្រទេសថៃអាចនឹងបាត់បង់កេរ្តិ៍ឈ្មោះរបស់ខ្លួន ជាមជ្ឈមណ្ឌលអាកាសចរណ៍ក្នុងតំបន់ ប្រសិនបើរដ្ឋាភិបាលមិនអាចបង្កើនល្បឿនក្នុងការបើកប្រទេស ពោលគឺសំដៅទៅលើវិស័យទេសចរណ៍ និងពង្រឹងភាពប្រកួតប្រជែងរបស់ក្រុមហ៊ុនអាកាសចរណ៍ នេះបើ យោងតាមការលើកឡើងរបស់ក្រុមហ៊ុន Thai AirAsia (TAA) ។ លោក Santisuk Klongchaiya នាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ (TAA) បានមានប្រសាសន៍ថា “ បន្ទាប់ពីប្រឈមមុខនឹងជំងឺរាតត្បាតអស់រយៈពេលមួយឆ្នាំ កត្តាសំខាន់ៗដែលអាចពង្រឹងវិស័យទេសចរណ៍ថៃ គឺការបើកព្រំដែន និងជំនួយហិរញ្ញវត្ថុដូចជាប្រាក់កម្ចីទន់ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍រក្សាអាជីវកម្មរបស់ពួកគេ និងអាចរក្សាការងារ ”។

ជាក់ស្ដែងក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន ៧ រួមទាំង Thai AirAsia ផងដែរ បានស្នើសុំប្រាក់កម្ចីទនចំនួន ១៤ពាន់លានបាតចាប់តាំងពីខែមីនា ឆ្នាំ២០២០។ ជាមួយគ្នានេះ លោក Santisuk បានលើកឡើងថា “ ប្រសិនបើផែនការស្វាគមន៍ជនបរទេសមិនទាន់ត្រៀមខ្លួនរួចរាល់ទេ ប្រទេសថៃអាចនឹងបាត់បង់ភ្ញៀវទេសចរដែលមានសក្តានុពលទាំងនោះទៅនឹងដៃគូប្រកួតប្រជែងផ្សេងទៀត ដែលបានត្រៀមទាក់ទាញពួកគេជាមួយនឹងគ្រោងការណ៍ជាក់ស្តែង” ។ លើសពីនេះ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ អាចប្តូរជើងហោះហើរផ្ទាល់របស់ពួកគេ ទៅកាន់ប្រទេសផ្សេងទៀតដូចជា ប្រទេសវៀតណាមជំនួសវិញ។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០១៩ ថៃរកចំណូលបានជាង ១.៨ ទ្រីលានបាត ពីភ្ញៀវទេសចរប្រមាណ ៤០ លាននាក់ ខណៈឧស្សាហកម្មនេះ បានចូលរួមចំណែកប្រហែល ១ ភាគ ៥ នៃផលិតផលក្នុងស្រុកសរុបមុនពេលមានជំងឺរាតត្បាត។ ប៉ុន្តែរយៈពេល ៦ ខែកាលពីឆ្នាំមុន គឺមិនមានភ្ញៀវបរទេសចូលមកមកកម្សាន្ត​នៅប្រទេសនេះទេ ដោយសារជំងឺ Covid-19 បានបំផ្លាញវិស័យនេះ ហើយធនាគារថៃប៉ាន់ស្មានថា សូម្បីតែនៅឆ្នាំ ២០២២ ភ្ញៀវទេសចរបរទេសនឹងនៅតែមិនមានចំនួន ៤០ លាននាក់ដូចក្នុងឆ្នាំ ២០១៩ នោះទេ៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost