សម្តេចតេជោ នាយករដ្ឋមន្ត្រី ប្រកាសមិនបិទក្រុងព្រះសីហនុនោះទេ ដោយសារពាក់ព័ន្ធនឹងការនាំចេញ-នាំចូលទំនិញ
សេដ្ឋកិច្ច March 4, 2021 Khmernote

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ក្រុងព្រះសីហនុនឹងមិនត្រូវបានបិទឡើយ បើទោះបីជាការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ បានបន្តកើនឡើង ក៏ដោយ។ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានអះអាងបែបនេះ នៅក្នុងសារសម្លេងពិសេសមួយ នាយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ ដោយបញ្ជាក់ថា៖ “យើងមិនអាចបិទទីក្រុងទាំងស្រុងបានទេ ដោយសារតែវាពាក់ព័ន្ធជាមួយនឹងការនាំចូល និងនាំចេញទំនិញ” ។ សម្តេចប្រមុខរាជរដ្ឋាភិបាល បានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ច ឱ្យបិទចរាចរណ៍មនុស្សកុំឱ្យចេញពីខេត្តព្រះសីហនុ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ទៅខេត្តផ្សេងទៀត ដូចជាខេត្តកែប កំពត និងតាមផ្លូវជាតិលេខ៤។

សម្តេចបានមានប្រសាសន៍ថា៖ “យើងត្រូវគ្រប់គ្រងឱ្យបានស្ថានការណ៍ទាំងឡាយដែលបាន និងកំពុងវិវត្តអាក្រក់នៅទីនោះ។ ឥឡូវបញ្ហាសំខាន់ កុំឱ្យរីកចេញពីខេត្តព្រះសីហនុ ទៅកាន់ខេត្តផ្សេង អញ្ចឹងរកវិធីដោះស្រាយបញ្ហាហ្នឹង […] រកវិធីដើម្បីខ្ទប់មាត់ច្រក ហាមឃាត់រថយន្ត (ដឹកអ្នកដំណើរ) […]។ សូមធ្វើការងារនេះឱ្យបានម៉ត់ចត់ដើម្បីចៀសវាងការចម្លងទៅកន្លែងផ្សេង ប៉ុន្តែកុំឱ្យប៉ះពាល់ទៅការដឹកទំនិញនាំចេញ-នាំចូល”។

ជាមួយគ្នានេះ សម្តេចតេជោ ក៏បានណែនាំឱ្យជំរុញការចាក់វ៉ាក់សាំងនៅខេត្តព្រះសីហនុ ដោយបន្ថែមថា វ៉ាក់សាំង ទាំង Sinopharm និង AstraZeneca នឹងត្រូវបញ្ជូនទៅទីនោះនៅថ្ងៃស្អែក។ គិតត្រឹមព្រឹកថ្ងៃនេះ កម្ពុជាបានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ សរុបចំនួន ៨៧៨ នាក់ ដែលក្នុងនោះ ៣៧៤ នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ។ ហើយក្នុងចំណោមករណីឆ្លងសហគមន៍ទាំង ៣៧៤ នាក់នោះ មាន ៦២ ករណី ត្រូវបានរកឃើញនៅខេត្តព្រះសីហនុ៕

ប្រភព៖ ក្រសួងព័ត៌មាន