លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុធ ចានអូចា បានមានប្រសាសន៍ថា រដ្ឋាភិបាលនឹងពិនិត្យមើលការប្រើប្រាស់លិខិតឆ្លងដែន Covid-19 នាពេលអនាគត ដោយកាលពីថ្ងៃអង្គារលោកនាយករដ្ឋមន្រ្តី បានបញ្ជាឱ្យក្រសួងការបរទេសធ្វើការសិក្សាស្រាវជ្រាវលើការអនុម័តលិខិតឆ្លងដែនវ៉ាក់សាំង Covid-19 ដើម្បីឆ្លើយតបសម្រាប់ការធ្វើដំណើរនាពេលអនាគត ក្រោមទម្លាប់ថ្មី ដែលប្រទេសដទៃកំពុងព្យាយាមផ្លាស់ប្ដូរ និងសម្របតាមនាពេលបច្ចុប្បន្ន។ បើតាមការចុះផ្សាយរបសសារព័ត៌មាន Bangkok Post បានឲ្យដឹងថា លិខិតឆ្លងដែននេះ នឹងរួមបញ្ចូលទាំងវិញ្ញាបនប័ត្រដែលបញ្ជាក់ថា អ្នកកាន់បានចាក់វ៉ាក់សាំងការពារវីរុស Covid-19 ដែលត្រូវបានទទួលស្គាល់រួចរាល់។
លោក ប្រាយុធ ចានអូចា បានលើកឡើងថា ទោះជាយ៉ាងណាក៏ដោយ រហូតមកទល់ពេលនេះមិនទាន់មានការសន្និដ្ឋានណាមួយ ដែលអាចធានាថា ប្រព័ន្ធលិខិតឆ្លងដែនវ៉ាក់សាំង Covid-19 នឹងមានប្រសិទ្ធភាពនៅពេលអនុវត្តនៅកម្រិតអន្តរជាតិនោះទេ។ លោកបានមានប្រសាសន៍ថា៖ « ដូច្នេះនៅពេលនេះ ខ្ញុំបានបញ្ជាឱ្យធ្វើការសិក្សាអំពីគំនិតនេះក្នុងការរៀបចំសម្រាប់ [ការប្រើប្រាស់នាពេលអនាគត] ដូច្នេះប្រទេសថៃនឹងអាចរក្សាទំនាក់ទំនងបានជាមួយប្រទេសដទៃទៀត” ។

គួរបញ្ជាក់ផងដែរថា បណ្តាប្រទេសដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសនៅសហភាពអ៊ឺរ៉ុប ត្រូវបានគេរាយការណ៍ថា ស្ថិតក្នុងចំណោមប្រទេសដែលពិចារណាលើលិខិតឆ្លងដែនឌីជីថល ដែលនឹងអនុញ្ញាតឱ្យពលរដ្ឋដែលបង្ហាញថា ពួកគេបានចាក់វ៉ាក់សាំង Covid-19 ធ្វើដំណើរដោយសេរី។ ទន្ទឹមនឹងនេះ នៅប្រទេសថៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺ (DDC) កំពុងចេញវិញ្ញាបនប័ត្រវ៉ាក់សាំង Covid-19 ដល់ប្រជាជនដែលបានទទួលវ៉ាក់សាំង។ ខណៈអគ្គនាយក DDC បានមានប្រសាសន៍ថាលិខិតឆ្លងដែន Covid-19 គួរតែត្រូវបានចាប់ផ្តើមក្រោមកិច្ចព្រមព្រៀងទ្វេភាគី ដើម្បីជំរុញឧស្សាហកម្មទេសចរណ៍របស់ប្រទេស ទោះបីជាប្រទេសនីមួយៗនៅតែមានគោលនយោបាយខុសគ្នាអំពីវិញ្ញាបនប័ត្រចាក់វ៉ាក់សាំង Covid-19 ក៏ដោយ៕


អត្ថបទ៖ លីនី
ប្រភព៖ bangkokpost


