យោងតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ នេះ បានឲ្យដឹងថា រហូតមកដល់បច្ចុប្បន្ននេះ ស្ពានឆ្លងទន្លេភ្ជាប់ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំសម្រេចបាន៩៦% ហើយ ដោយគ្រោងនឹងដាក់ឱ្យប្រើប្រាស់មុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនាពេលខាងមុខ។ ប្រភពដដែលបានឲ្យដឹងថា ស្ពានឆ្លងទន្លេភ្ជាប់ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំ ដែលជាគម្រោងជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនជូនចំពោះភាគីកម្ពុជា ហើយនេះ គឺជាស្ពានទី៨ ដែលជាគម្រោងជំនួយរបស់ភាគីចិនជូនចំពោះភាគីកម្ពុជាផងដែរ។
សូមជម្រាបថា ស្ពានស្ទឹងត្រង់-ក្រូចឆ្មារមានប្រវែង សរុប១.១៣១ម៉ែត្រ និងទទឹង ១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក ហើយត្រូវបានបើកការដ្ឋាន សាងសង់កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ គ្រោងចំណាយថវិកាចំនួន៥៦,៩៩៨ លានដុល្លារ នឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន៤២ខែ។ ក្រោយពេលសាងសង់រួចស្ពាននេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីតភ្ជាប់ទំនាក់ទំនង ការដឹកជញ្ជូន និងការធ្វើដំណើ របស់ប្រជាពលរដ្ឋ នៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដែលរស់នៅយ៉ាងច្រើនកុះករ នៅត្រើយខាងកើត និងត្រើយខាងលិចទន្លេមេគង្គ ឲ្យបានងាយស្រួល និងឆាប់រហ័ស៕


អត្ថបទ៖ លីនី


