២ ខែដំបូងនៃឆ្នាំថ្មី រម្មណីយដ្ឋានអង្គរទទួលស្វាគមន៍ភ្ញៀវទេសចរបរទេសជាង ៤០០០ពាន់នាក់ រកចំណូលបាន ១៧២,៨២៣ ដុល្លារ
ទេសចរណ៍ March 2, 2021 Khmernote

ក្នុងរយៈពេល ២ខែដំបូងនៃឆ្នាំ២០២១ នេះ រម្មណីយដ្ឋានអង្គរទទួលស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ៤,១៩៤ នាក់ ដោយរកចំណូលបានពីការលក់ប័ណ្ណចូលទស្សនាចំនួន ១៧២,៨២៣ ដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ បើតាមប្រភពពីក្រសួងដដែល តួលេខនេះត្រូវបានចែករំលែកដោយគ្រឹះស្ថានអង្គរ ដែលជាស្ថាប័នគ្រប់គ្រងដោយរដ្ឋទទួលបន្ទុកគ្រប់គ្រងចំណូលអង្គរ ក្នុងសេចក្តីប្រកាសព័ត៌មានកាលពីម្សិលមិញ។ ជាមួយគ្នានេះសេចក្ដីប្រកាសព័ត៌មានក៏បានបង្ហាញថា ចំនួនភ្ញៀវទេសចរបរទេសធ្លាក់ចុះប្រហែល ៩៨% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទន្ទឹមនឹងនេះ គិតត្រឹម​តែក្នុងខែកុម្ភៈ ឆ្នាំ២០២១ សំបុត្រចូលទស្សនាអង្គរត្រូវបានលក់ទៅឱ្យភ្ញៀវទេសចរបរទេសចំនួន ២,៩៨១ នាក់ ធ្លាក់ចុះ ៩៧,៤៩% និងរកចំណូលបាន ១២២,៣៥៧ដុល្លារ ធ្លាក់ចុះ ៩៧.៨៤%។ គួរបញ្ជាក់ផងដែរថា ដោយសារវីរុស COVID-19 បានធ្វើឲ្យវិស័យទេសចរណ៍ទូទាំងពិភពលោកជួបនូវវិបត្តិ ដោយសារការរឹតបន្តឹង និងការហាមឃាត់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍។ ជាពិសេសបង្ខំឲ្យតាមបណ្ដាប្រទេសជាច្រើនត្រូវលុបចោលព្រឹត្តិការណ៍ទេសចរណ៍ធំៗ ដើម្បីបញ្ជៀសការរីករាលដាល ខណៈដែលកន្លងមកគ្រឹះស្ថានអង្គរបានខិតខំដាក់ចេញនូវវិធានការដើម្បីរក្សាចំនួនភ្ញៀវ តាមរយៈការបន្ថែមសុពលភាពថ្ងៃចូលទស្សនាតំបន់អង្គររបស់ភ្ញៀវទេសចរបរទេសផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន