សំបុកត្រចៀកកាំវៀតណាម ត្រៀមខ្លួនហោះទៅកាន់ទីផ្សារប្រទេសចិន ហើយរកចំណូលឲ្យវៀតណាមរាប់រយលានដុល្លារ
សេដ្ឋកិច្ច March 1, 2021 Khmernote

ការនាំចេញសំបុកត្រចៀកកាំរបស់ប្រទេសវៀតណាម ត្រូវបានគេរំពឹងថា នឹងមានតម្លៃដល់ទៅរាប់រយលានដុល្លារ នៅពេលដែលប្រទេសនេះទទួលបានឱកាសនាំចូល ពីទីផ្សារធំបំផុតរបស់ពិភពលោកគឺប្រទេសចិននៅឆ្នាំនេះ។ យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា តម្រូវការរបស់ប្រទេសចិនសម្រាប់សំបុកត្រចៀកកាំ កំពុងកើនឡើងខ្លាំង ប៉ុន្តែទោះជាយ៉ាងនេះក្ដី​ ក្រុមហ៊ុនវៀតណាមចាំបាច់ត្រូវចាត់វិធានការថ្មីដើម្បីនាំចេញជាផ្លូវការទៅកាន់ប្រទេសនោះជាជាងពាក់ព័ន្ធនឹងពាណិជ្ជកម្មក្រៅផ្លូវការ។

ទន្ទឹមនឹងនេះដែរ បើតាម​អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Phung Duc Tien បាននិយាយថា ឧស្សាហកម្មផលិតសំបុកត្រចៀកកាំនេះកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅក្នុងប្រទេស ដោយភាគច្រើននៅភាគខាងត្បូង ប៉ុន្តែពាណិជ្ជកម្មក្រៅផ្លូវការបានធ្វើឱ្យតម្លៃ និងប្រាក់ចំណេញទាប។ បន្ថែមពីនេះ បច្ចុប្បន្នប្រទេសវៀតណាម មានកន្លែងចិញ្ចឹមត្រចៀកកាំចំនួន ២០,០០០ នៅក្នុងខេត្តចំនួន ៤២ និងក្រុងចំនួន ៦៣ ដែលផលិតបរិមាណបានប្រហែល ១២០តោន គិតជាប្រាក់ប្រមាណជា ៤៥០ លានដុល្លារ។ ទោះបីជាទីកន្លែង និងការផលិតមានច្រើនសន្ធឹកពិតមែន តែជាក់ស្ដែងវៀតណាមនាំចេញទៅកាន់ប្រទេសចិនបានតែ ៨% នោះទេ។

គួរបញ្ជាក់ផងដែរថា ប្រទេសចិនបានហាមឃាត់ការនាំចូលសំបុកត្រចៀកកាំដែលមានប្រភពមិនច្បាស់លាស់ពីប្រទេសវៀតណាមក្នុងឆ្នាំ២០១១ បន្ទាប់ពីមានរឿងអាស្រូវផលិតផលក្លែងក្លាយ។ ជាមួយគ្នានេះ ចិនបានដកបម្រាមនេះវិញក្នុងឆ្នាំ២០១៥ ហើយជំនួសដោយច្បាប់តឹងរឹង សំដៅលើការពង្រឹងសុវត្ថិភាព និងការតាមដាន។ យ៉ាងណាមិញលោក Do Tu Quan ប្រធានសមាគមកសិកម្ម Swiftlet វៀតណាមបាននិយាយថា អ្នកនាំចេញរបស់វៀតណាមសង្ឃឹមថា ប្រទេសទាំងពីរនឹងឈានដល់កិច្ចព្រមព្រៀងយ៉ាងឆាប់រហ័ស ហើយការបញ្ជាទិញលើកដំបូងទៅកាន់ប្រទេសចិនអាចត្រូវបានធ្វើឡើងនៅត្រីមាសនេះ ស្របពេលដែលប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងថៃ បានបំពេញនីតិវិធីស្របច្បាប់ក្នុងការនាំសំបុកត្រចៀកកាំទៅប្រទេសចិន ប៉ុន្តែប្រទេសវៀតណាមមិនអាចនាំចេញជាផ្លូវការបានទេ ដោយសារមូលហេតុជាច្រើនរួមមាន កង្វះស្តង់ដារ គុណភាពសម្រាប់ផលិតផល និងស្តង់ដារនាំចេញ៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus