យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បាឲ្យដឹងថា ផ្សារបង្គាដ៏ធំនៅកណ្ដាលខេត្ត សាមុត សាខន បានបើកដំណើរការឡើងវិញហើយនៅថ្ងៃច័ន្ទនេះ បន្ទាប់ពីត្រូវបិទទ្វារចាប់តាំងពីថ្ងៃទី១៩ ខែធ្នូ ដោយសារការផ្ទុះលើងនៃវីរុស Covid-19 នៅទីនោះ។ ប្រភពដដែលបានឲ្យដឹងថា ក្នុងថ្ងៃបើកដំណើរដំបូង ផ្សារនេះមានសភាពអ៊ូរអរក្រោយស្ងប់ស្ងាត់អស់ជាង ២ខែ ដែលមានអ្នកទិញ ,ឈ្មួញ និងកម្មករចំណាកស្រុកជាច្រើនបានចាប់ផ្ដើមលក់ ដូរ និងធ្វើការឡើងវិញ។ ប៉ុន្តែទោះជាយ៉ាងណានេះក្ដី ពួកគេទាំងអស់ ត្រូវតែអនុវត្តយ៉ាងតឹងរឹងនូវវិធានការដែលបានដាក់ដើម្បីការពារការរីករាលដាលនៃមេរោគកូវីដ-១៩។
ជាក់ស្ដែង ឡានដឹកទំនិញ ដឹកជញ្ជូនគ្រឿងសមុទ្រទៅកាន់ទីផ្សារ ហើយយានយន្តរបស់អ្នកលក់ និងអ្នកទិញ ត្រូវឆ្លងកាត់ចំណុចត្រួតពិនិត្យ។ ខណៈសីតុណ្ហភាពរបស់អ្នកកាន់កាប់ទាំងអស់ត្រូវបានត្រួតពិនិត្យ ហើយពួកគេត្រូវតែបង្ហាញភស្តុតាងដែលពួកគេបានតេស្តរកវីរុស Covid-19 ។ ដោយឡែកចំពោះកម្មករចំណាកស្រុកទាំងអស់ នៅតាមមងត្រី និងបង្គាត្រូវពាក់ម៉ាស់មុខ និងឧបករណ៍ការពារដូចជាស្រោមដៃ ស្បែកជើងកៅស៊ូ និងអៀមជ័រកៅស៊ូ ស្របតាមស្តង់ដារដែលកំណត់ដោយក្រសួងសុខាភិបាល។

ទន្ទឹមនឹងនេះ ចំពោះអ្នកទិញ ឬ កសិករដែលនាំបង្គា និងត្រី ពីកសិដ្ឋានរបស់ពួកគេមកលក់នៅលើទីផ្សារ គឺម្នាក់ៗទទួលបានប័ណ្ណតម្រង់ជួរ ហើយត្រូវរង់ចាំនៅកន្លែងដែលមានកន្លែងអង្គុយ ជាជួរស្របតាមការរក្សាគម្លាតសង្គម។ លើសពីនេះអាហារសមុទ្រត្រូវបានតម្រៀបដោយកម្មករប្រកបដោយអនាម័យត្រឹមត្រូវ។ ការបើកដំណើរការឡើងវិញនេះ ធ្វើឲ្យអាជីវករ និងម្ចាស់តូបត្រី រួមទាំងបង្គាទាំងអស់ បានសម្តែងនូវក្តីរីករាយ ដែលទីបំផុតផ្សារបានបើកដំណើរការឡើងវិញបន្ទាប់ពីត្រូវបានបិទអស់រយៈពេលជាង ១០សប្តាហ៍។ ពួកគេបានធានាថា ពួកគេនឹងអនុវត្តយ៉ាងតឹងរឹងនូវរាល់វិធានការណ៍ប្រឆាំងនឹង Covid-19 ហើយសង្ឃឹមថា សេដ្ឋកិច្ចរបស់សាមុត សាខននឹងងើបឡើងវិញឆាប់ៗនេះ៕


អត្ថបទ៖ លិនី
ប្រភព៖ bangkokpost


