ជប៉ុននឹងផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​ដល់កម្ពុជា ដែល​មាន​ទឹក​ប្រាក់​ប្រមាណ ១០.៨ លានដុល្លារ ដើម្បី​អនុវត្ត «គម្រោងអភិវឌ្ឍន៍ចរាចរណ៍នាវា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ»
សេដ្ឋកិច្ច February 27, 2021 Khmernote

ឯកឧត្ដម​ ប្រាក់ សុខុន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​ឯកឧត្ដម MIKAMI Masahiro ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា នឹងចុះ​ហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ​ស្ដីពី​ការ​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន ដែល​មាន​ទឹក​ប្រាក់​សរុប​ចំនួន ១.១៣២លានយ៉េន (ប្រហែល ១០,៨ លានដុល្លារអាមេរិក) ដើម្បី​អនុវត្ត «គម្រោងអភិវឌ្ឍន៍ចរាចរណ៍នាវា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ» នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១។​
​ហិរញ្ញប្បទានឥតសំណង​ដែលផ្ដល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹង​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​លើក​កម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ព្រម​ទាំង​ពង្រឹងបន្ថែមទៀតនូវចំណង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ។

​ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីចូលរួមទប់ស្កាត់​ «ការផ្ទុះឡើងនៃការឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍»​ ឬហៅថា ព្រឹត្តិការណ៍សហគមន៍ថ្ងៃទី២០ ខែកុម្ភៈ ភាគីទាំងពីរ នឹងធ្វើការចុះហត្ថលេខាលើលិខិតប្ដូរសារនេះ នៅទីកន្លែងរៀងៗខ្លួន។ សូមបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាចំនួន ២,៩លានដុល្លារអាមេរិក ដល់គណៈកម្មការទន្លេមេគង្គ ហៅកាត់ថា MRC ដើម្បីគាំទ្រដល់ការអនុវត្តផែនការយុទ្ធសាស្ត្រថ្មីរបស់ខ្លួន សំដៅលើកកម្ពស់ការអភិវឌ្ឍប្រកបដោយទំនួលខុសត្រូវនៅក្នុងតំបន់។

សេចក្តីប្រកាសព័ត៌មានរបស់ MRCនៅ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ជំនួយនេះ សម្រាប់រយៈពេល៤ឆ្នាំ ដោយគិតចាប់ពីឆ្នាំនេះ ដល់ឆ្នាំ ២០២៤ ដើម្បីជួយបង្កើនសមត្ថភាពតាមដាន និងវាយតម្លៃបរិស្ថានទន្លេ និងសម្របទៅនឹងការប្រែប្រួលជាទូទៅរបស់ MRC និងប្រទេសជាសមាជិករបស់ខ្លួន រួមមាន ប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម៕

អត្ថបទ៖ លីនី