កម្ពុជា និងអូស្រ្តាលី ចាប់ដៃគ្នា បង្កើតអង្គភាពជំនាញដើម្បីជំរុញ ទាក់ទាញ និងរក្សាការវិនិយោគបរទេស លើការកែឆ្នៃផលិតផលកសិកម្ម និងម្ហូបអាហារ ដើម្បីបង្កើតការងារ និងបង្កើនប្រាក់ចំណូលដល់កសិករ
សេដ្ឋកិច្ច February 27, 2021 Khmernote

ដើម្បីជាផ្នែកមួយនៃយុទ្ធសាស្រ្តនៃការស្តារឡើងវិញពីជំងឺកូវីដ-១៩ របស់ខ្លួន ប្រទេសកម្ពុជាកំពុងព្យាយាមទាក់ទាញការវិនិយោគបន្ថែមទៀត ជាពិសេសលើការកែឆ្នៃផលិតផលកសិកម្ម និងម្ហូបអាហារ ដើម្បីបង្កើតការងារ និងបង្កើនប្រាក់ចំណូលដល់កសិករ។
តាមរយៈកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា – អូស្រ្តាលី ដែលមានឈ្មោះថា (កាវ៉ាក់) យើងកំពុងធ្វើការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងការបង្កើតអង្គភាពជំនាញដើម្បីជំរុញ ទាក់ទាញ និងរក្សាការវិនិយោគបរទេស ដែលមានគុណភាពខ្ពស់ នៅក្នុងវិស័យកសិ-ចំណីអាហារ។

ជាមួយគ្នានេះដែរ កាលពីសប្តាហ៍មុន ឯកអគ្គរាជទូត Kang រួមជាមួយ ឯកឧត្តម ជា វុទ្ធី និង ឯកឧត្តម នុត ​អ៊ុនវ័នរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងកិច្ចប្រជុំពិគ្រោះយោបល់អន្តរក្រសួង ស្តីពីការបង្កើតអង្គភាពទទួលបន្ទុកលើការវិនិយោគវិស័យកសិ-ចំណីអាហារ។ អង្គភាពនេះនឹងផ្តល់ព័ត៌មានលម្អិតស្តីពីឱកាសក្នុងវិស័យនេះ ដល់វិនិយោគិនដែលមានសក្តានុពល ហើយដើរតួជា “ច្រកចេញចូលតែមួយ” ដើម្បីណែនាំពួកគេពីដំណើរការនេះ។ ទន្ទឹមនឹងនេះ ក្រសួងសំខាន់ៗជាច្រើនបានរួមគ្នា ដើម្បីពិនិត្យមើលគំរូ ព្រមទាំងយល់ព្រមសហការ ដើម្បីធ្វើឱ្យអង្គភាពនេះអាចបង្កើតបានពិតមែន៕

អត្ថបទ៖ លីនី