គិតត្រឹម២៤ ខែកុម្ភៈ រាជរដ្ឋាភិបាល ចំណាយថវិកាជាង ២៣០លានដុល្លារ ដើម្បីបើកជូនគ្រួសារក្រីក្រជួបការលំបាកអំឡុងពេលជំងឺកូវីដ
សេដ្ឋកិច្ច February 27, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឲ្យដឹងថា​ គិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ រាជរដ្ឋាភិបាល បានផ្ដល់ការអន្ដរាគមន៍ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាជនក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ចំណាយថវិការដ្ឋ ចំនួន ២៣០.៥៨លានដុល្លារអាមេរិក។ របាយការណ៍របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលអ្នកសារព័ត៌មានទទួលបាននៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានឲ្យដឹងថា ចំនួនគ្រួសារក្រីក្រ (ទាំងក្រ១ និងក្រ២) ដែលទទួលបានការឧបត្ថម្ភ មាន ៦៨៨,៥៣៩គ្រួសារ ។

គួរជម្រាបថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ហើយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានផ្ដើមដំណើរការអនុវត្តកម្មវិធី នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ មកដល់បច្ចុប្បន្នបានចំនួន៤ជុំ មាន៨លើករួចមកហើយ៕

ប្រភព៖ ក្រសួងព័ត៌មាន