ល្អមែនទែន! អង្គការ WWF បង្កើតជា “ធនាគារគោ” ប្រវាស់ឱ្យប្រជាសហគមន៍យកទៅចិញ្ចឹម
សេដ្ឋកិច្ច February 26, 2021 Khmernote

អង្គការ WWF បង្កើតជា “ធនាគារគោ” ប្រវាស់ឱ្យប្រជាសហគមន៍យកទៅចិញ្ចឹម ដើម្បីបង្កើនប្រាក់ចំណូល សម្រាប់ផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារ និងបានកាត់បន្ថយការទាញយកអនុផលពីព្រៃឈើធម្មជាតិ ។ លោក ហម ចន្ទដេត ប្រធានកម្មវិធីតំបន់ទេសភាពព្រៃលិចទឹកទន្លេមេគង្គ របស់អង្គការ WWF បានឱ្យដឹងថា អង្គការលោក បានសហការជាមួយ មន្ទីរកសិកម្មខេត្តក្រចេះ រួមជាមួយអាជ្ញាធរមូលដ្ឋាន ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ បានចងក្រងបង្កើតឱ្យមានជាធនាគារគោ ដើម្បីផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋខ្ចី ឫ ប្រវាស់យកទៅចិញ្ចឹម បង្កើនចំណូលផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារបានយ៉ាងល្អ ។ លោកបញ្ជាក់ថា ការផ្តល់ពូជគោ ឱ្យប្រជាសហគមន៍ខ្ចី ឫប្រវាស់ចិញ្ចឹមនេះ ត្រូវបានជ្រើសរើសកសិករដែលមានភាពសកម្ម ក្នុងកាងារចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ក៏ដូចជាជីវៈចម្រុះផ្សេងៗ នៅក្នុងតំបន់ការពារទេសភាពព្រៃលិចទឹកទន្លេមេគង្គ ដោយក្នុងមួយក្រុមដែលមានសមាជិកប្រមាណពី១០នាក់ ទៅ១៥នាក់ ហើយទទួលបានពូជគោចំនួនពី ៣ក្បាលទៅ ៥ក្បាល ។

(រូបតំណាង)

លោកបានមានប្រសាសន៍ថា៖ « ដើម្បីយើងធ្វើការងារអភិរក្សឱ្យជោគជ័យ គឺយើងត្រូវមានសកម្មភាព មួយទៀត ដើម្បីធ្វើយ៉ាងណាឱ្យសហគមន៍ចិញ្ចឹមគោឱ្យមានកូនអាចចូលរួមបានទៅលើការងារអភិរក្ស ដែលក្នុងនោះយើងមានកម្មវិធីផ្ដល់ជម្រើសមុខរបរដើម្បីកែលម្អជីវភាព ដល់ប្រជាពលរដ្ឋមូលដ្ឋាន ដែលរស់នៅក្បែរតំបន់ការពាររបស់យើង។ក្នុងតំបន់ការពារទេសភាពព្រៃលិចទឹកទន្លេមេគង្គ គឺត្រូវធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋអាចរកប្រាក់ចំណូលបន្ថែមសម្រាប់ខ្លួនគាត់ ដើម្បីឱ្យមានជីវភាព ប្រសើរឡើងហើយបងប្អូនអាចចូលរួមក្នុងការងារអភិរក្សដើម្បីឱ្យគង់វង្សនូវធនធានធម្មជាតិ»។

លោកបន្ថែមថា អង្គការ WWF សហការជាមួយមន្ទីរកសិកម្មខេត្ត បន្តចុះបណ្តុះបណ្តាល អំពីបច្ចេកទេសចិញ្ចឹមគោដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ការពារទេសភាពព្រៃលិចទឹកទន្លេមេគង្គ និងបានអប់រំ អំពីគុណតម្លៃនៃអត្ថប្រយោជន៍សត្វព្រៃ ក៏ដូចជាជីវៈចម្រុះផ្សេងៗ ឱ្យពួកគាត់បានយល់ដឹង ។ សូមបញ្ជាក់ថា មកដល់ពេលនេះគម្រោងកម្មវិធី ធានាគារគោបានផ្តល់គោចំនួន១៤ ក្បាលដល់ប្រជាកសិករចិញ្ចឹមនៅក្នុងសហគមន៍ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ដែលទទួលបានកូន៥ក្បាលហើយ ក្នុងរយៈពេលជាង២ឆ្នាំមកនេះ៕

(រូបតំណាង)

ប្រភព៖ ក្រសួងព័ត៌មាន