រដ្ឋាភិបាលថៃ យល់ព្រមបញ្ចេញប្រាក់ជាង ៣ពាន់លានដុល្លារ សម្រាប់ជួយដល់កសិករធ្វើស្រែ
សេដ្ឋកិច្ច February 26, 2021 Khmernote

ធនាគារកសិកម្មនិងសហករណ៍កសិកម្ម (BAAC) កាលពីពេលថ្មីៗនេះបាននិយាយថា រដ្ឋាភិបាលបានបញ្ចូលដើមទុនដែលមានទឹកប្រាក់ជាង ១០០ពាន់លានបាត (ប្រមាណជា ៣.៣ ពាន់លានដុល្លារ) ដើម្បីជួយសម្រួលដល់ស្ថានភាពកសិករសម្រាប់រដូវប្រមូលផលឆ្នាំ ២០២០-២០២១ ។ លោក Kasab Ngeanruang អនុប្រធានប្រតិបត្តិជាន់ខ្ពស់របស់ធនាគារ (BAAC) បានថ្លែងថា ធនាគារបានអនុម័តគម្រោងធំៗ ចំនួន ៣ ដើម្បីជួយកសិករ។ លោកបានបន្តថា ក្នុងនោះគម្រោងទី១ គឺ ផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ការគ្រប់គ្រងថ្លៃដើមនិងការអភិវឌ្ឍផលិតកម្មស្រូវសម្រាប់រដូវប្រមូលផល ២០២០-២០២១។ គម្រោងទី ២ គឺជាកម្មវិធីប្រាក់កម្ចីដើម្បីគាំទ្រដល់ការពន្យាពេលក្នុងការលក់ស្រូវចំនួន ១.៨២លានតោនដែលប្រមូលផលក្នុងរដូវកាល ២០២០-២០២១ ដោយកម្មវិធីនេះមានបណ្តាញឥណទានសរុបចំនួន ២៤,៣ ពាន់លានបាត។

ទន្ទឹមនឹងនេះគម្រោងទី៣ គឺជាគ្រោងការណ៍សម្រាប់អ្នកធ្វើស្រែ ដើម្បីធានានូវប្រាក់ចំណូលរបស់ពួកគេសម្រាប់ការលក់ផលិតផល ដើម្បីទូទាត់សូម្បីតែថ្លៃដើមនៃការប្រមូលផល។ បណ្តាញឥណទានសរុបសម្រាប់គម្រោងនេះ គឺមានចំនួន ៥០,៦ ពាន់លានបាត។ សូមបញ្ជាក់ផងដែរថា សម្រាប់គម្រោងទី១ កសិករដែលបានចុះឈ្មោះ ជាអ្នកដាំស្រូវសម្រាប់រដូវប្រមូលផលឆ្នាំ ២០២០-២០២១ នឹងទទួលបានប្រាក់ឧបត្ថម្ភជាសាច់ប្រាក់ចំនួន ៥០០បាតក្នុងមួយរ៉ៃ ដោយទទួលបានអតិបរិមា ១០,០០០ បាត ឬ ២០រ៉ៃពីនាយកដ្ឋានពង្រីកកសិកម្ម។

ជាមួយគ្នានេះ បើតាមប្រសាសន៍របស់លោក Kasab Ngeanruang ថវិកាដែលមានតម្លៃ ២៨ពាន់លានបាត ត្រូវបានគេបម្រុងទុកសម្រាប់គម្រោងនេះ ដោយបានផ្តល់ថវិកាដល់គ្រួសារចំនួន ៤.៥៦ លានគ្រួសារ។ ខណៈ (BAAC) គ្រោងនឹងផ្ទេរប្រាក់ឧបត្ថម្ភធនទៅក្នុងគណនីបញ្ញើរបស់កសិករនៅចន្លោះថ្ងៃទី ២៥ ខែកុម្ភៈដល់ថ្ងៃទី ៣០ ខែមេសា៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost