ធ្មេចបើកៗ! គិតមកទល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីសាងសង់សម្រេចបាន ៤០ភាគរយហើយ
សេដ្ឋកិច្ច February 25, 2021 Khmernote

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីសាងសង់សម្រេចបាន៤០ ភាគរយហើយ ដោយផ្តោតសំខាន់ទៅនឹងការបំពាក់ ឧបករណ៍ បច្ចេកទេសនិងរចនាបថអាកាសយានដ្ឋាន ។ ឯកឧត្ដម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជាមានប្រសាសន៍ថា ការសាង សង់សម្រេចបានប្រមាណ ៤០ ភាគរយ ក្នុងចំណោមគម្រោងចំនួន៣ធំៗ រួមមាន សង់សំណង់អគារ, សំណង់ដែលពាក់ព័ន្ធនឹងការចុះចតយន្ដហោះ និងសំណង់ផ្សេងៗ ដែលពាក់ព័ន្ធនឹងសេវាកម្មរបស់អាកាសយានដ្ឋាន។

ឯកឧត្តមបញ្ជាក់ថា ដំណើរការសាងសង់បានប្រព្រឹត្តទៅដោយរលូន បើទោះបីជាកម្ពុជាក៏ដូចជាសកលលោកបាននិងកំពុង ជួបវិបត្ដិកូវីដ -១៩ក៏ ដោយ ក៏ការសាងសង់នៅតែដំណើរការជាធម្មតា ដើម្បីឱ្យសម្រេចគោលដៅដូចអ្វីដែលកម្ពុជាបានគ្រោងទុកឱ្យរួចរាល់នៅឆ្នាំ២០២៣ខាងមុខ ។

ឯកឧត្ដមបន្តថា អាកាសយានដ្ឋានអន្តរជាតិថ្មីមួយនេះ នឹងចូលរួមចំណែកក្នុងការទាក់ ទាញភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាប សំដៅ ជំរុញកំណើនសេដ្ឋកិច្ចជាតិ បង្កើនការងារ បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ ពិសេសរួមចំណែកក្នុងការអភិវឌ្ឍសង្គមប្រកបដោយចីរភាព។ សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី សាងសង់ដោយក្រុមហ៊ុនអភិវឌ្ឍន៍របស់ចិន( AIAI ) Angkor International Airport Investment (Cambodia)Co., Ltd មានទីតាំងស្ថិតនៅឃុំពពេល ស្រុកសូទ្រនិគម ខេត្ដសៀមរាប ដែលបានចាប់ផ្ដើមសាង សង់កាលពីថ្ងៃទី១៥ខែមីនាឆ្នាំ២០២០ នៅលើផ្ទៃដីប្រមាណ៧០០ហិកតា គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣ដែលមានរយៈពេល៣៦ខែ ក្រោយ ពីអ្នកជំនាញបានសិក្សាប្លង់មេរួចរាល់កាលពីឆ្នាំ២០១៦ កន្លងទៅ ៕

ប្រភព៖ ក្រសួងព័ត៌មាន