ខេត្តសៀមរាប នឹងកាន់តែស្អាត ហើយទាក់ទាញជាងមុន ជាមួយគម្រោង​ Smart Siem Reap ឬ Smart Cities ខេត្តសៀមរាប
ទេសចរណ៍ February 25, 2021 Khmernote

ខេត្តសៀមរាប ដែលជាខេត្តមួយក្នុងចំណោមខេត្តនានានៃព្រះរាជាណាចក្រកម្ពុជា សំបូរទៅដោយសម្បត្តិវប្បធម៌ជាច្រើននោះ នឹងកាន់តែទំនើប ហើយទាក់ទាញជាងមុន ជាមួយគម្រោង Smart Siem Reap ឬ Smart Cities ខេត្តសៀមរាប នេះបើ យោងតាម ការបង្ហាញនៅក្នុងកិច្ចប្រជុំ​រៀបចំ​គម្រោង​ Smart Siem Reap សម្រាប់​ទីក្រុង​ឆ្លាតវៃ​សៀមរាប កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១​ ដឹកនាំ​ដោយ​ លោក​ លី​ សំរិទ្ធ​ អភិបាល​រងខេត្ត​ តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប​ និងមានការអញ្ជេីញចូលពី​ លោកនាយក​ នាយករងរដ្ឋបាល​​ នាយក​ទីចាត់ការ​ តំណាង​មន្ទីរ​-អង្គភាព​ ប្រតិភូតំណាងអង្គការ JICA និងអ្នកពាក់ព័ន្ធសរុបចំនួន​ ១៥នាក់។

គម្រោង Smart Siem Reap ឬ Smart Cities ខេត្តសៀមរាបចែកជាបីតំបន់ រួមមាន​ តំបន់ក្រុង តំបន់បេតិកភណ្ឌ និងតំបន់ទ្លេសាប ក្នុងគោលដៅលើកកម្ពស់សន្តិសុខ ការគ្រប់គ្រងសំរាម ការដឹកជញ្ជូន ទេសចរណ៍​ ដែលគម្រោងបានចាប់ផ្តើមអនុវត្តពីខែមីនា ឆ្នាំ២០២០ ដល់ខែមករា ឆ្នាំ២០៣១។

សូមជម្រាបថា គោលបំណងក្នុងការបង្កើត “Smart Siem Reap” គឺដើម្បីកែប្រែទីក្រុងប្រកបដោយនិរន្តរភាព និងមានភាពទាក់ទាញជាមួយនឹងផាសុខភាព និងមានការពេញចិត្តពីប្រជា​ជន​មូលដ្ឋាន និងភ្ញៀវទេសចរ​ តាមរយៈយន្តការគ្រប់គ្រង ដែលមានលទ្ធភាពស្វែងរកដំណោះស្រាយបញ្ហាក្នុងទីក្រុង ដោយប្រើបច្ចេកវិទ្យាឆ្លាតវៃ ការវិភាគទិន្នន័យ និងវិធីសាស្រ្តបង្កើនប្រសិទ្ធភាពជារួមសម្រាប់ប្រជាជនមូលដ្ឋាន​ និងភ្ញៀវទេសចរ​៕

អត្ថបទ៖ លីនី