ស្ងាត់ៗ! ប្រទេសចិន ត្រៀមចាប់ផ្ដើមគម្រោងរូបិយប័ណ្ណឌីជីថលឆ្លងកាត់ព្រំដែន ក្រោយសាកល្បងជាសាធារណៈនៅក្នុងប្រទេស
សេដ្ឋកិច្ច February 25, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK បា​នឲ្យដឹងថា ធនាគារកណ្ដាលចិនបានចាប់ផ្ដើមគម្រោងអន្តរជាតិមួយ ដើម្បីស្វែងរកការប្រើប្រាស់​រូបិយប័ណ្ណឌីជីថលសម្រាប់ការទូទាត់ឆ្លងកាត់ព្រំដែន។ ធនាគារជាតិចិនបានប្រកាសកាលពីថ្ងៃពុធនេះថា ខ្លួនកំពុងសហការជាមួយធនាគារកណ្ដាលថៃ និងអារ៉ាប់រួម រួមជាមួយអជ្ញាធររូបិយវត្ថុហុងកុង។ ប្រភពដដែលបានឲ្យដឹងថា គម្រោងនេះនឹងផ្ដោតលើការប្រើប្រាស់បច្ចេកវិទ្យា blockchain ដើម្បីធ្វើឱ្យប្រតិបត្តិការអន្តរជាតិមានល្បឿនលឿននិងមានប្រសិទ្ធភាពខ្ពស់។ លើសពីនេះ បច្ចេកវិទ្យានេះ ក៏នឹងសិក្សាវិធីដើម្បីទូទាត់ជារូបិយប័ណ្ណឌីជីថលផ្សេងៗគ្នាក្នុងពេលតែដំណាលគ្នាផងដែរ។

យ៉ាងណាមិញ ទាំងនេះបានកើតឡើងនៅពេលធនាគារកណ្ដាលនៅជុំវិញពិភពលោកកំពុងចាប់ផ្ដើមពិចារណាយ៉ាងខ្លាំង អំពីគំនិតនៃការចេញរូបិយប័ណ្ណឌីជីថល។ គួរបញ្ជាក់ផងដែរថា ប្រទេសចិនត្រូវបានគេចាត់ទុកថា ជាអ្នកនាំមុខគេនៅក្នុងវិស័យរូបិយប័ណ្ណឌីជីថលនេះ ហើយថែមទាំងបានចាប់ផ្តើមសាកល្បងជាសាធារណៈនូវប្រាក់យ័នឌីជីថលទៀតផង។ ជាក់ស្ដែងគម្រោងឆ្លងកាត់ព្រំដែន ត្រូវបានគេជឿជាក់ថា ជាផ្នែកមួយនៃយុទ្ធសាស្ត្រដើម្បីធ្វើឱ្យរូបិយប័ណ្ណមានស្ថេរភាពនៅក្នុងក្របខ័ណ្ឌអន្តរជាតិ៕

អត្ថបទ៖ លីនី
ប្រភព៖ nhk