ខណៈករណីឆ្លងកើនរាល់ថ្ងៃ លោក ចូ បៃឌិន ប្រកាសផ្តល់ម៉ាសក្រណាត់គុណភាពខ្ពស់ដោយឥតគិតថ្លៃដល់ប្រជាជនដែលមានប្រាក់ចំណូលទាប
សេដ្ឋកិច្ច February 25, 2021 Khmernote

រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន បាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងផ្ដល់ម៉ាសក្រណាត់ជាង ២៥ លានម៉ាស ដោយឥតគិតថ្លៃដល់សហគមន៍ដែលនៅតែខ្វះលទ្ធភាពទទួលបាននូវការការពារជាមូលដ្ឋាន ប្រឆាំងនឹងជំងឺរាតត្បាត។ មន្រ្តីសេតវិមានបាននិយាយថា ម៉ាសដែលត្រូវចែកចាយនៅសហរដ្ឋអាមេរិក នឹងជាម៉ាសប្រភេទក្រណាត់ដែលផលិតដោយអាមេរិកផ្ទាល់ ហើយមានគុណភាពខ្ពស់ ដោយម៉ាសទាំងនោះនឹងត្រូវបញ្ជូនទៅមណ្ឌលសុខភាពក្នុងសហគមន៍ចំនួនជាង ១៣០០ កន្លែង ដែលកំពុងបម្រើប្រជាជនក្រីក្រ ដើម្បីឱ្យបុគ្គលម្នាក់ៗអាចទទួលបាន ព្រមទាំងប្រគល់តាមកន្លែងចែកចាយអាហារផងដែរ។

ប្រភពដដែលបានបន្តឲ្យដឹងថា អ្នកទទួលជំនួយនឹងត្រូវទទួលបានម៉ាសចំនួនពីរសម្រាប់មនុស្សម្នាក់ៗនៅក្នុងគ្រួសារ ខណៈរដ្ឋបាល បៃដិន បានបន្តលើកទឹកចិត្តប្រជាជនឱ្យនៅតែពាក់ម៉ាសការពារ នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយការរាតត្បាតដែលបានសម្លាប់មនុស្សជាងកន្លះលាននាក់នៅសហរដ្ឋអាមេរិក។ ទន្ទឹមនឹងនេះ សេតវិមានបានឲ្យដឹងថា ជាលទ្ធផលនៃសកម្មភាពរដ្ឋបាលប្រជាធិបតេយ្យនាពេលខាងមុខ ប្រជាជនអាមេរិកប្រមាណពី ១២ ទៅ ១៥ លាននាក់នឹងទទួលបានម៉ាសទាំងនេះ។

គួរបញ្ជាក់ផងដែរថា ក្រោមការគ្រប់គ្រងរបស់លោក ដូណាល់ ត្រាំ ដែលជាអ្នកកាន់តំណែងមុន លោក ចូ បៃដិន ម៉ាសបានក្លាយជាបញ្ហាបែកបាក់គ្នាអាស្រ័យលើនយោបាយ។ នៅពេលមានការផ្ទុះឡើងវីរុសខ្លាំងជាលើកដំបូងគណបក្សសាធារណរដ្ឋ ត្រាំ បាននិយាយដដែលៗពីការគំរាមកំហែងនៃជំងឺរាតត្បាត និងបង្ហាញពីភាពស្ទាក់ស្ទើរក្នុងការពាក់ម៉ាស៕

អត្ថបទ៖ លីនី
ប្រភព៖ kyodonews