កូរ៉េខាងត្បូងនឹងអនុញ្ញាតឱ្យពលករបរទេសទាំងអស់ ដែលមានកិច្ចសន្យាអនុញ្ញាតប្រព័ន្ធការងារ (EPS) ផុតកំណត់ បន្តទិដ្ឋការរហូតដល់ឆ្នាំ២០២២
សេដ្ឋកិច្ច February 24, 2021 Khmernote

កូរ៉េខាងត្បូងនឹងអនុញ្ញាតឱ្យពលករវៀតណាម និងជនជាតិបរទេសដទៃទៀតដែលមានកិច្ចសន្យាអនុញ្ញាតប្រព័ន្ធការងារ (EPS) ផុតកំណត់ ក្លាយជានិយោជិកតាមរដូវកាលរហូតដល់ឆ្នាំ២០២២ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress។ មជ្ឈមណ្ឌលការងារក្រៅប្រទេសក្រោមក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមបានឲ្យដឹងថា ការអនុញ្ញាតថ្មីនឹងអនុវត្តចំពោះពលករបរទេសទាំងអស់ក្រោមប្រព័ន្ធ (EPS) ដែលបានបញ្ចប់​កិច្ចសន្យារយៈពេល ៣ ឬ ៤ឆ្នាំ ដោយប្រើប្រាស់ទិដ្ឋការ E-9 (មិនមែន ការងារអាជីព)។

ជាមួយគ្នានេះមជ្ឈមណ្ឌលការងារក្រៅប្រទេសបានបន្តឲ្យដឹងថា ដោយសារតែមិនអាចត្រលប់មកប្រទេសកំណើតវិញបានព្រោះតែជំងឺរាតត្បាតកូវីដ-១៩ ពលករទាំងអស់នឹងត្រូវបានផ្ដល់ការអនុញ្ញាតឲ្យស្នាក់នៅបន្តដោយក្រសួងយុត្តិធម៌របស់កូរ៉េខាងត្បូង។ លើសពីនេទៅទៀតបើតាមមជ្ឈមណ្ឌល ក៏បានបញ្ជាក់ផងដែរថាកម្មវិធីការងារតាមរដូវកាលកំពុងជ្រើសរើសកម្មករកសិកម្មចំនួន ៤,១៧៩នាក់ សម្រាប់តំបន់ចំនួន ២៧ នៅទូទាំងប្រទេស និងប្រហែល ២០០ នាក់សម្រាប់វិស័យជលផលនៅក្នុងមូលដ្ឋានមួយ។

មជ្ឈមណ្ឌលបានបន្ថែមថា ការចុះឈ្មោះនឹងត្រូវបានផ្តល់ការងារចាប់ពីថ្ងៃទី ២ ខែមីនាឆ្នាំនេះរហូតដល់ថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២២ ដោយនិយោជិកអាចជ្រើសរើសធ្វើការបន្តពីមួយខែទៅអតិបរមា ៥ ខែ។ ទន្ទឹមនឹងនេះចំពោះពលករបរទេសដែលដាក់ពាក្យសុំការងារតាមរដូវ ក៏នឹងទទួលបានប្រាក់ឈ្នួលអប្បបរមាខ្ពស់ជាងមុនដែរ ហើយពួកគេក៏នឹងមានសិទ្ធិទទួលបានការធានារ៉ាប់រងគ្រោះថ្នាក់ការងារផងដែរ។ គួរបញ្ជាក់ផងដែរថា​ បច្ចុប្បន្នមានជនជាតិវៀតណាមប្រមាណ ៥០,០០០ នាក់កំពុងធ្វើការនៅប្រទេសកូរ៉េខាងត្បូង ក្នុងនោះ ៣៤.៦០០ នាក់ស្ថិតក្រោមកម្មវិធី EPS ។ ជាមួយគ្នានេះកម្មករជាច្រើនត្រូវបានជាប់គាំងនៅក្នុងប្រទេសដោយសារតែ Covid-19 ដែលបានឆ្លងដល់មនុស្សជាង ៨៧,០០០ នាក់ និងបណ្តាលឱ្យស្លាប់ ១,៥៧៣ នាក់៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress