ឡើងចុះនឹងកាន់តែស្រួលជាងមុន ខណៈផ្លូវបេតុងថ្មីប្រវែងជាង ៣០គីឡូម៉ែត្រ ឡើងភ្នំគូលែន ក្នុងខេត្តសៀមរាប សាងសង់សម្រេចបាន ៦០% ហើយ!
ទេសចរណ៍ February 24, 2021 Khmernote

គិតត្រឹមថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២១នេះ ការសាងសង់ផ្លូវថ្មី ឡើងភ្នំគូលែន ដែលបាននឹងកំពុងដំណើរការសាងសង់ ចាប់ពីចំណុចទីរួមស្រុកស្វាយលើ ដល់ចំណុចជើងជើងភ្នំគូលែនខាងលិច ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្ដសៀមរាប ប្រវៃងសរុប ៣២គីឡូម៉ែត្រ សម្រេចបាន ៦០ភាគរយហើយនេះ បើតាមការឲ្យដឹងពីលោក យ៉ត រ៉េត អ្នកទទួលខុសត្រូវការដ្ឋានសាងសង់ របស់ក្រុមហ៊ុន ទ្រី ភាពគ្រុប។ លោក យ៉ត រ៉េត បញ្ជាក់បន្ថែមថា ការដ្ឋានផ្លូវបេតុងនេះ ចាប់ផ្ដើមសាងសង់អំឡុងខែសីហា ឆ្នាំ២០១៧ ដែលមានទទឹងប្រវៃង៦ម៉ែត្រ និងចិញ្ចើមផ្លូវ២ម៉ែត្រ។ ចំពោះការសាងសង់ ក្រុមការងារ ត្រូវឈូសឆាយដីភ្នំ ធ្វើជាផ្លូវថ្មីសុទ្ធសាធ ប៉ុន្តែដោយមានការសហការល្អពីប្រជាជន និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ការសាងសង់ផ្លូវ បានដំណើរការយ៉ាងរលូន។

ព្រះតេជគុណ ផា ប៊ុនថៃ ព្រះចៅអធិការវត្ដរតន:ហៅវត្ដចាស់ ស្ថិតនៅភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ មានសង្ឃដីកា ថា ផ្លូវមួយខ្សែនេះ មានសារ:សំខាន់ណាស់ សម្រាប់ការដឹកជញ្ជូនទំនិញប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋជាង១០ភូមិ ដែលរស់នៅលើភ្នំគូលែន ជាពិសេសងាយស្រួលដល់អ្នកទេសចរ ធ្វើដំណើរមកកម្សាន្តលើភ្នំនេះផងដែរ។ ព្រះគ្រូចៅអធិការ រួមនឹងប្រជាពលរដ្ឋ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានសម្រេចសាងសង់ផ្លូវបេតុងមួយខ្សែនេះ ដោយបានចាត់ទុកថា ជាសមិទ្ធផលប្រវត្ដិសាស្ដ្រថ្មី ដែលព្រះអង្គ និងប្រជាពលរដ្ឋ មិនធ្លាប់មាននៅក្នុងភូមិសាស្ដ្ររបស់ពួកគាត់តាំងពីបុរាណមក៕

ប្រភព៖ ក្រសួងព័ត៌មាន