នាយករដ្ឋមន្រ្តីថៃ៖ រដ្ឋាភិបាលនឹងពិចារណាលុបចោលការធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ សម្រាប់ភ្ញៀវទេសចរដែលបានបញ្ជាក់ថាបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចរាល់
ទេសចរណ៍ February 24, 2021 Khmernote

នាយករដ្ឋមន្រ្តីថៃ​ លោក ប្រាយុធ ចានអូចា បានលើកឡើងថា រដ្ឋាភិបាលនឹងពិចារណាលុបចេញការធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ សម្រាប់ភ្ញៀវទេសចរដែលបានបញ្ជាក់ថាពួកគេបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចរាល់។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger បានឲ្យដឹងថា អស់រយៈពេលជាច្រើនខែមកហើយ ដែលរដ្ឋាភិបាលប្រកាន់ជំហររបស់ខ្លួនចំពោះភ្ញៀវបរទេសដែលបានចាក់វ៉ាក់សាំងរួចត្រូវតែធ្វើចត្តាឡីស័ក ព្រោះវាលឿនពេកដែលថាវ៉ាក់សាំងអាចបង្ការការឆ្លងបាន។ ប៉ុន្តែជាមួយការព្រមានរបស់មេដឹកនាំឧស្សាហកម្មទេសចរណ៍ថា សេដ្ឋកិច្ចកំពុងដួលរលំ ហើយក្ដីសង្ឃឹមតែមួយគត់ គឺពឹងផ្អែកលើការធ្វើឲ្យប្រសើរឡើងវិញនៃវិស័យទេសចរណ៍ ដែលបានចូលរួមចំណែកសេដ្ឋកិច្ចដ៏សំខាន់មុនពេលផ្ទុះវីរុស Covid-19 ។

យោងតាមរបាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Bloomberg ធនាគារកណ្តាលនិយាយថា ភាពមិនប្រាកដប្រជាដែលប្រឈមនឹងវិស័យទេសចរណ៍ គឺជាការគំរាមកំហែងដ៏ធំមួយចំពោះកំណើនសេដ្ឋកិច្ចរយៈពេលមធ្យម។ ជាមួយគ្នានេះអភិបាលខេត្តលោក Sethaput Suthiwartnarueput មានប្រសាសន៍ថា វានឹងមានការលំបាកខ្លាំងណាស់សម្រាប់សេដ្ឋកិច្ច ក្នុងការស្តារឡើងវិញនូវកម្រិតដូចមុនរាតត្បាត ប្រសិនបើមិនមានការត្រឡប់មកវិញនៃទេសចរអន្តរជាតិ។

យ៉ាងណាមិញលោក Nattaporn Triratanasirikul មកពីមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn បានស្វាគមន៍សេចក្តីប្រកាសរបស់នាយករដ្ឋមន្ត្រី ដោយបានលើកឡើងថា៖ «ប្រសិនបើរឿងនេះដំណើរការទៅតាមការគ្រោងទុក វានឹងជំរុញដល់វិស័យទេសចរណ៍និងសេដ្ឋកិច្ច។ ទោះជាយ៉ាងណាក្ដីលោកថា វានៅតែមានភាពមិនប្រាកដប្រជាខ្ពស់ ចំពោះទស្សនវិស័យសេដ្ឋកិច្ចនៅឆ្នាំនេះដោយរង់ចាំរាល់បញ្ហាដែលទាក់ទងនឹងការផ្ទុះឡើងនៃការឆ្លងមេរោគក្នុងស្រុក ការចាក់វ៉ាក់សាំង និងផែនការបើកព្រំដែនឡើងវិញ៕

អត្ថបទ៖ លីនី
ប្រភព៖ thethaiger