កាន់តែធ្ងន់ធ្ងរ! បាតុកម្មប្រឆាំងរដ្ឋប្រហារ ធ្វើឲ្យសេដ្ឋកិច្ចមីយ៉ាន់ម៉ាជាប់គាំងលែងដើរ
សេដ្ឋកិច្ច February 23, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK កាលពីពេលថ្មីៗនេះបានឲ្យដឹងថា បាតុកម្មប្រឆាំងរដ្ឋប្រហារនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសនេះជាប់គាំងលែងដើរ​។ សារព័ត៌មានដដែលបានបន្តឲ្យដឹងថា បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ប្រជាជននៅទូទាំងប្រទេសមីយ៉ាន់ម៉ាបានធ្វើកូដកម្មកាលពីថ្ងៃច័ន្ទ ដើម្បីតវ៉ានឹងរដ្ឋប្រហារយោធាកាលពីដើមខែនេះ ហើយមកទល់ពេលនេះមានមនុស្សរាប់លាននាក់បានចូលរួមធ្វើបាតុកម្ម។ ជាមួយគ្នានេះដែរការធ្វើបាតុកម្មនេះ ធ្វើឲ្យផ្សារទំនើបជាច្រើន ក៏ដូចជាផ្សារត្រីក្នុងស្រុក និងអ្នកលក់រាយនៅក្នុងទីក្រុង Yangon បានបិទទ្វារ។

លើសពីនេះទៅទៀត ទីក្រុងដ៏ធំមួយនេះត្រូវបានជាប់គាំងផ្នែកសេដ្ឋកិច្ច នៅពេលដែលរោងចក្រ ធនាគារ ផ្លូវដែក និងឡានក្រុង បានបញ្ឈប់ប្រតិបត្តិការរបស់ពួកគេ។ គួរ​បញ្ជាក់ផងដែរថា ប្រជាជនមីយ៉ាន់ម៉ាបានធ្វើបាតុកម្មនៅទូទាំងប្រទេស ដោយយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា វាជាការតវ៉ាធំបំផុតចាប់តាំងពីយោធាបានឃុំខ្លួនលោកស្រីអ៊ុង សានស៊ូជី និងសមាជិកជាន់ខ្ពស់នៃគណបក្សកាន់អំណាច ហើយបានប្រកាសអាសន្ននៅថ្ងៃទី ១ ខែកុម្ភៈ៕

T

អត្ថបទ៖ លីនី
ប្រភព៖ nhk