ទោះកូវីដរាតត្បាតក្ដី តែគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី កំពុងតែដំណើរការយ៉ាងរលូន ដោយគ្រោងបញ្ចប់តាមផែនការឆ្នាំ២០២៣
សេដ្ឋកិច្ច February 23, 2021 Khmernote

រដ្ឋបាលខេត្តកណ្តាលបានឱ្យដឹងថា គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីស្ថិតក្នុងខេត្តកណ្តាល ភាគអាគ្នេយ៍នៃរាជធានីភ្នំពេញ កំពុងតែដំណើរការកំណត់ទីតំាង ដាំបង្គោល កំណត់ព្រំដី និងចុះបញ្ជីកម្មសិទ្ធិដីធ្លី ដើម្បីឈានទៅសម្រេចតាមផែនការដែលបានគ្រោងទុកនៅឆ្នាំ ២០២៣ ខាងមុខ ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដខេត្ដកណ្តាល នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ នាទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានមានប្រសាសន៍ថា មកដល់ពេលនេះគម្រោងសាងសង់ព្រលានយន្ត ហោះអន្តរជាតិភ្នំពេញថ្មីនេះបាន ដំណើរការតាមផែនការនៅក្នុងការរៀបចំនិងអភិវឌ្ឍន៍ព្រលាន ដែលទំហំដីភាគច្រើនខាងគម្រោងបានទិញពីប្រជាពលរដ្ឋ និងមួយចំនួនទៀតជាដីសាធារណៈរបស់រដ្ឋ ខណៈពេលគម្រោងនេះមានទំហំផ្ទៃដី ២.៦០០ហិកតា ។

ឯកឧត្តមបន្តថា នៅក្នុងតំបន់ដែលគ្រោងសាងសង់ព្រលាន យន្តហោះ អាជ្ញាធរបានដោះ ស្រាយទំនាស់ដីធ្លីជាមួយប្រជាពលរដ្ឋស្ទើរួចរាល់ទំាងស្រុងហើយ ពោលគឺនៅសល់តិចតួច ទៀតប៉ុណ្ណោះ ដែល កំពុងពន្លឿនការដោះស្រាយឱ្យរួចរាល់នៅពេលឆាប់ៗនេះ។
ឯកឧត្តមបន្ថែមថា ចំពោះបញ្ហាដោះស្រាយដីគឺកំពុងតែសម្របសម្រួល ជាមួយប្រជាពលរដ្ឋតាមរយៈ ការផ្លាស់ប្តូរដីជាមួយប្រជាពលរដ្ឋ ការទិញពីប្រជាពលរដ្ឋ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានសំណងលក្ខណៈសមរម្យ ដោយមិនមានការបង្ខិតបង្ខំ ការគំរាមកំហែង ឬក៏បណ្តេញប្រជាពលរដ្ឋចេញសម្រាប់ការវិនិយោគនោះទេ ។

ឯកឧត្តមបានមានប្រសាសន៍ថា៖ «ការអភិវឌ្ឍនេះគឺបានដំណើរការហើយ ទៅតាមផែនការ ហើយគ្រោងនៅឆ្នាំ២០២៣ឱ្យបានផ្លូវប៉ុន្តែមិនទាំង៤នោះទេ គឺអាចបានផ្លូវ ១ឬ ក៏២ សម្រាប់នៅក្នុងការដាក់ឱ្យដំណើរការហោះហើរបឋមដំបូង ដូច្នេះហើយយើងនឹងអភិវឌ្ឍជំហានតទៅទៀត អ៊ីចឹងបានន័យថា ព្រលានយន្តហោះហ្នឹងកំពុងតែដំណើរការមិនមានការជាប់គាំងនោះទេ » ។ ជាមួយគ្នានេះឯកឧត្តមក៏បាន​បានបញ្ជាក់ថា ព្រលាននេះបានសាង់សង់លើទឹកខេត្តកណ្តាលនៅក្នុងស្រុកកណ្តាលស្ទឹង មួយផ្នែកទៀតនៅស្រុកស្អាង ស្រុកបាទីខេត្តតាកែវមួយផ្នែក ។

សូមបញ្ជាក់ថា គម្រោងសាងសាង់ព្រលានយន្តអន្តរជាតិភ្នំពេញថ្មី គ្រោងចំណាយថវិកាសាងសង់ រហូតដល់ ១៥០០លានដុល្លារ ត្រូវបានរចនាឡើងលំដាប់ថ្នាក់ 4F ជាអាកាសយានដ្ឋានធំបំផុតលំដាប់ទី៩ នៅក្នុងពិភពលោក ដែលស្ថិតនៅលំដាប់ពីក្រោយអាកាសយានដ្ឋាន Chicago O’Hare និងលំដាប់មុខអាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំងរបស់ប្រទេសចិន។ នៅពេលសាងសង់ចប់ អាកាសយានដ្ឋានថ្មីនេះនឹងមានសមត្ថភាពទទួលយន្តហោះដឹកជញ្ជូនធុនធ្ងន់ផ្លូវឆ្ងាយ ព្រមទាំងមានសមត្ថភាពទទួលអ្នកដំណើរបានចំនួន ២៧លាននាក់នៅឆ្នាំ ២០៣០ ហើយនៅឆ្នាំ ២០៥០ វានឹងអាចផ្ទុកអ្នកដំណើររហូតដល់ ៣០លាននាក់ស្របតាមផែនការមេរបស់ក្រសួងទេសចរណ៍៕

ប្រភព៖ ក្រសួងព័ត៌មាន