ទីបំផុត! ប្រទេសថៃទទួលបានភ្ញៀវទេសចរបរទេសអ្នកមានមួយក្រុមជាលើកដំបូង ចាប់តាំងពីចេញយុទ្ធសាស្រ្តជាច្រើនដើម្បីទាញភ្ញៀវទេសចរមកវិញ
ទេសចរណ៍ February 22, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The National thailand បានឲ្យដឹងថា ប្រទេសថៃទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាលើកដំបូង កាលពីថ្ងៃអាទិត្យ ចាប់តាំងពីប្រទេសនេះប្រកាសបើកស្វាគមន៍ភ្ញៀវទេសចរឡើងវិញ។ ប្រភពដដែលបានបន្តឲ្យដឹងថា ភ្ញៀវទេសចរបានមកដល់កោះភូកេត កាលពីថ្ងៃអាទិត្យ ម្សិលមិញ បន្ទាប់ពីបានឆ្លងកាត់ការធ្វើតេស្ត Covid-19 ហើយឥឡូវនេះពួកគេកំពុងត្រូវបានដាក់ឱ្យនៅដាច់ពីគេ ៩ធ្វើចត្តាឡីស័ក) រយៈពេល ១៤ ថ្ងៃនៅសណ្ឋាគារលំដាប់ផ្កាយមួយកន្លែងមាឈ្មោះថា​ Sri Panwa Hotel។

អ្នកទេសចរ ៥៩នាក់​ សុទ្ធជាអ្នកមាន ដែលមកពីបណ្ដាប្រទេសអឺរ៉ុប ហើយបានហោះ​ហើរចេញពីប្រទេសឥណ្ឌូនេស៊ី ដែលនេះស្របតាមសេចក្ដីសម្រេចរបស់មជ្ឈមណ្ឌលរដ្ឋបាល Covid-19 កាលពីឆ្នាំមុន ដើម្បីអនុញ្ញាតឲ្យភ្ញៀវទេសចរបរទេសវិលត្រលប់មកប្រទេសថៃវិញ។ លោក Phichet Panapong អភិបាលរងខេត្តភូកេតបានមានប្រសាសន៍ថា ក្រុមនេះនឹងត្រូវបានត្រួតពិនិត្យ និងវាយតម្លៃក្នុងរយៈពេល ១៤ថ្ងៃ ហើយប្រសិនបើអ្វីៗដំណើរការបានល្អ វានឹងត្រូវបានប្រើជាគំរូដើម្បីជួយក្នុងការស្តារវិស័យទេសចរណ៍របស់ប្រទេសថៃ។ សូមបញ្ជាក់ថា បើតាមលោកអភិបាលរងខេត្តភូកេត បានបន្តថា អ្នកទេសចរទាំង ៥៩ នាក់មកពីចក្រភពអង់គ្លេស សហរដ្ឋអាមេរិកបារាំង និងហ្វាំងឡង់ ហើយពួកគេបានជួបជុំគ្នានៅប្រទេសឥណ្ឌូនេស៊ីមុនពេលបន្តដំណើរជើងហោះហើរទៅកាន់កោះភូកេត៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand ,bangkokpost