ដោយសារវីរុសរាតត្បាត សិស្សជប៉ុនរាប់ពាន់នាក់បានបោះបង់ចោលការសិក្សា​ ទោះរដ្ឋាភិបាលបានដាក់ចេញជំនួយសង្គ្រោះជាច្រើនក៏ដោយ
សេដ្ឋកិច្ច February 22, 2021 Khmernote

រដ្ឋាភិបាលជប៉ុនបានរកឃើញថា យ៉ាងហោចណាស់មាននិស្សិតមហាវិទ្យាល័យចំនួន ៥,៨០០នាក់ បានបោះបង់ចោលការសិក្សា និងផ្អាករៀនបណ្ដោះអាសន្ន ដោយសារតែការរីករាលដាលនៃវីរុស Covid-19​ ក្នុងចន្លោះខែមេសា និងខែធ្នូឆ្នាំមុន។ តួលេខនេះ ត្រូវបានរកឃើញតាមរយៈការស្ទង់មតិរបស់​ក្រសួងអប់រំលើឆ្នាំសិក្សាទី៤ នៃសាកលវិទ្យាល័យ និងវិទ្យាល័យ រួមទាំងអនុវិទ្យាល័យ នៅទូទាំងប្រទេសជប៉ុន ប្រហែលជា ៩៥% ឬស្មើ ១,០០៩ សាលារៀនដែលបានឆ្លើយតប។ ប្រភពដដែលបានឲ្យដឹងថា ការរីករាលដាលនៃវីរុស Covid-19 ត្រូវបានគេលើកឡើងថា ជាហេតុផលមួយក្នុងចំណោមហេតុផលចម្បងដែលធ្វើឱ្យសិស្សចាកចេញពីសាលារៀន។

បើតាមការស្ទង់មតិបា​នរកឃើញថា មានសិស្សចំនួន ១,៣៦៧ នាក់បានចាកចេញពីសាលារៀនជាអចិន្ត្រៃយ៍ ខណៈពេលដែលមានមនុស្ស ៤,៤៣៤ នាក់បានសម្រាកជាបណ្ដោះអាសន្នដោយសារជំងឺរាតត្បាត។ ជារួមនិស្សិតចំនួន ២៨,៦៤៧ នាក់បានចាកចេញពីសាលារៀនជាអចិន្ត្រៃយ៍ក្នុងរយៈពេល ៨ ខែ ធ្លាក់ចុះប្រហែល ២០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ខណៈនិស្សិតចំនួន ៦៥,៦៧០ បានចាកចេញពីសាលាពីសាលារៀនជាបណ្ដោះអាសន្ន ដែលនេះមានចំនួនតិចជាងឆ្នាំមុន ១០%។

ជាមួយគ្នានេះមន្រ្តីក្រសួងជឿជាក់ថា ការធ្លាក់ចុះនៃចំនួនខាងលើនេះ ទំនងជាដោយសារយន្តការគាំទ្រដែលត្រូវបានណែនាំក្នុងពេលមានជំងឺរាតត្បាត ដោយពួកគេនិយាយថា ៩៩% នៃសាលារៀនបានពន្យារពេលកំណត់បង់ថ្លៃសិក្សាសម្រាប់រយៈពេល ២ឆ្នាំហើយ ៧៤% ទៀតត្រូវកាត់បន្ថយ ឬ លើកលែងការបង់ថ្លៃសិក្សាសម្រាប់និស្សិតដែលប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ។ ទន្ទឹមនឹងនេះរដ្ឋាភិបាលក៏បានដាក់ចេញនូវប្រព័ន្ធអាហារូបករណ៍ថ្នាក់ជាតិថ្មីសម្រាប់និស្សិតមកពីគ្រួសារដែលមានប្រាក់ចំណូលទាបកាលពីខែមេសាផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ nhk