មិត្តល្អកម្ររកបាន! ជប៉ុនកំពុងផ្តល់ថវិកាចំនួន ២ លានដុល្លារដល់កម្មវិធីស្បៀងអាហារពិភពលោក ដើម្បីកាត់បន្ថយផលប៉ះពាល់ទឹកជំនន់មកលើសន្តិសុខស្បៀងនៅកម្ពុជា
សេដ្ឋកិច្ច February 22, 2021 Khmernote

រដ្ឋាភិបាលជប៉ុនកំពុងផ្តល់ថវិកាចំនួន ២លានដុល្លារអាមេរិក ដល់កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) ដើម្បីកាត់បន្ថយផលប៉ះពាល់នៃទឹកជំនន់ទៅលើសន្តិសុខស្បៀងរបស់គ្រួសារនិងសហគមន៍ដែលរងគ្រោះដោយទឹកជំនន់នៅកម្ពុជា។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ AKP ដែលទទួលបាននៅព្រឹកថ្ងៃនេះ កិច្ចព្រមព្រៀងផ្តល់ជំនួយត្រូវបានចុះហត្ថលេខានៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នេះ រវាងលោក MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា និងលោកស្រី Claire CONAN តំណាង WFP និងជានាយកប្រចាំប្រទេសក្រោមអធិបតីភាព និងជាសាក្សី ដោយឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិលេខាធិការដ្ឋានអភិវឌ្ឍន៍ប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ (NCDD)។

ក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា បានមានប្រសាសនថា៖ «កាលពីឆ្នាំមុនប្រទេសកម្ពុជាបានទទួលរងនូវការធ្លាក់ភ្លៀង និងជំនន់ទឹកភ្លៀងយ៉ាងខ្លាំង ដែលបានធ្វើឱ្យប៉ះពាល់ដល់ប្រជាជនមួយចំនួន ក្នុងនោះបណ្តាលឱ្យបាត់បង់ជីវិត និងខូចខាតទ្រព្យសម្បត្តិជាច្រើន។ ខ្ញុំសង្ឃឹមថា គម្រោងនេះនឹងកាត់បន្ថយផលប៉ះពាល់នៃទឹកជំនន់ទៅលើសន្តិសុខស្បៀងរបស់គ្រួសារ និងសហគមន៍ដែលរងផលប៉ះពាល់ដោយទឹកជំនន់ »។

ក្រោមគម្រោងនេះ កម្មវិធីស្បៀងអាហារពិភពលោក (WFP)នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយ (NCDD) និងដៃគូដទៃទៀត ដើម្បីធ្វើការវាយតម្លៃសន្តិសុខស្បៀង និងអាហារូបត្ថម្ភគ្រប់ជ្រុងជ្រោយនៅក្នុងតំបន់រងគ្រោះដោយទឹកជំនន់និងគាំទ្រដល់ការស្តារសហគមន៍តាមរយៈការស្តារហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត និងការពង្រឹងសមត្ថភាពផែនការ និងចំណេះដឹងមូលដ្ឋានស្តីពីសន្តិសុខស្បៀង។ ការត្រៀមបង្ការនិងការកាត់បន្ថយគ្រោះមហន្តរាយ។ ១៦ឃុំក្នុងខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង និងកំពង់ធំ នឹងត្រូវបានជ្រើសរើសជាគោលដៅគំរោង។

គួរបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាបានរងផលប៉ះពាល់ដោយទឹកជំនន់ធ្ងន់ធ្ងរចំនួនបួនលើកក្នុងមួយទសវត្សចុងក្រោយនេះ ដោយចុងក្រោយបង្អស់នៅក្នុងខែតុលាឆ្នាំមុន ដែលបានជម្លៀសប្រជាជនចំនួន ១៤.២៩៩ គ្រួសារ និងប៉ះពាល់ដោយផ្ទាល់ដល់ ១៧៦.០០០ គ្រួសារ (ជិត ៨០០.០០០ នាក់) ក្នុងខេត្តចំនួន ១៤ ។ ជាមួយគ្នានេះ ផ្ទះ ហេដ្ឋារចនាសម្ព័ន្ធ និងដីកសិកម្មរងការលិចលង់ និងខូចខាតយ៉ាងដំណំ។

ទន្ទឹមនឹងនេះចាប់តាំងពីឆ្នាំ ១៩៩៨ មករដ្ឋាភិបាលជប៉ុន គឺជាដៃគូសំខាន់មួយរបស់អង្គការស្បៀងអាហារពិភពលោកដោយបានចូលរួមវិភាគទានចំនួន ២២ លានដុល្លារអាមេរិកក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ តាមរយៈជំនួយជាស្បៀង (អង្ករនិងត្រីខកំប៉ុង) និងវិភាគទានជាសាច់ប្រាក់ដើម្បីគាំទ្រសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ។ នៅឆ្នាំ ២០១៩ ជប៉ុនបានចូលរួមវិភាគទានចំនួន ២,៧ លានដុល្លារអាមេរិកដល់កម្មវិធីស្បៀងអាហារពិភពលោកដើម្បីលើកកំពស់ភាពធន់របស់សហគមន៍កម្ពុជាទៅនឹងភាពតក់ស្លុត និងកសាងសមត្ថភាពស្ថាប័នលើការត្រៀមលក្ខណៈបន្ទាន់៕

ប្រភព៖ ក្រសួងព័ត៌មាន