ប្រជាពលរដ្ឋក្រុងព្រះសីហនុញញឹមបិទមាត់មិនជិត ព្រោះមានផ្លូវធ្វើដំណើរងាយស្រួល និងសោភណ្ឌភាពស្រស់ស្អាតជាងមុន
សេដ្ឋកិច្ច February 20, 2021 Khmernote

ប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុសប្បាយរីករាយដោយមានផ្លូវធ្វើដំណើរងាយ ស្រួលជាងមុន បន្ទាប់ពីគម្រោងអភិវឌ្ឍន៍ផ្លូវទំាង៣៤ខ្សែក្នុងខេត្តព្រះសីហនុស្ថាបនាជិតរួចរាល់ដែលបានប្រែមុខមាត់ខេត្តឱ្យកាន់តែស្រស់ស្អាតមានភ្ញៀវទេសចរមកលេងកម្សាន្តកាន់តែច្រើន។ លោកលឹម ជា ប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុ បានបង្ហាញនូវ អារម្មណ៍សប្បាយ រីករាយជាខ្លំាងដោយសារតែខេត្តនេះមិនត្រឹមតែមានផ្លូវស្រស់ស្អាតងាយស្រួលក្នុងការធ្វើ ដំណើរប៉ុណ្ណោះទេ ថែមទំាង បានទទួលការអភិវឌ្ឍ និងវិនិយោគលើគ្រប់វិស័យ រួមមាន សំណង់អគារធំៗ មជ្ឈមណ្ឌលពាណិជ្ជកម្ម ក្លឹបកម្សាន្ត សណ្ឋាគារ ផ្ទះសំណាក់ ខុនដូរ ផ្សារទំនើប តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រ ដើម្បីបម្រើឱ្យវិស័យទេសចរណ៍និងធុរកិច្ចជាដើម។

ក្រុងព្រះសីហនុនឹងក្លាយជាទីក្រុងគំរូដំបូងគេ បន្ទាប់ពីស្ថាបនាផ្លូវទាំង៣៤ខ្សែរួចរាល់ ដែល មានសោភ័ណភាពល្អ បរិស្ថានល្អ និងមានភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យលេងកម្សាន្ត ជាពិសេសទាក់ទាញអ្នកវិនិយោគបានកាន់តែច្រើនផងដែរ ។ លោក បានសំណូមពរដល់ភ្ញៀវទេសចរ ដែលបានមកលេងកម្សាន្ត ត្រូវរួមគ្នាថែរក្សា អនាម័យ បរិស្ថាន ឱ្យបានស្អាតដើម្បីលើកមុខមាត់ខេត្តមួយនេះឲ្យស្រស់បំព្រងនៅគ្រប់រដូវ។ ក្រុមប្រជាពលរដ្ឋបានគោរពអរគុណប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរខេត្តព្រះសីហនុដែលបានកសាងអភិវឌ្ឍន៍នៅក្នុងខេត្តនេះឱ្យក្លាយជាទីក្រុងមាស ពោរពេញទៅដោយសក្តានុពលសេដ្ឋកិច្ចតាមរយៈការស្ថាបនាផ្លូវទំាង៣៤ខ្សែនេះ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹង កាលពីពេលថ្មីៗនេះថា គម្រោងស្ថាបនាផ្លូវ ៣៤ ខ្សែ ដែលគ្រោងនឹងបញ្ចប់នៅពាក់ កណ្ដាលខែមីនាខាងមុខនេះនឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅមុនថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។

សូមបញ្ជាក់ថា ការស្ថាបនាផ្លូវទាំង ៣៤ខ្សែនេះ គឺជាការអនុវត្ដតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញកាលពីសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រីកាលពីថ្ងៃទី ៣០ ខែសីហាឆ្នាំ ២០១៩ និងបានចាប់ផ្ដើមដំណើរការការដ្ឋានសាងសង់កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ ។ការស្ថាបនាផ្លូវទាំង ៣៤ ខ្សែនេះមានប្រវែងសរុប ប្រមាណជាង ៨៤ គីឡូម៉ែត្រ ស្ថិតនៅបរិវេណក្រុងព្រះសីហនុ និងស្រុកព្រៃនប់។ ការស្ថាបនាផ្លូវនេះ រាជរដ្ឋាភិបាលបានចំណាយថវិការដ្ឋចំនួនជាង ២០០ លានដុល្លារសហរដ្ឋអាមេរិកសម្រាប់ស្ថាបនាដើម្បីប្រែក្លាយខេត្តព្រះសីហនុទៅជាប៉ូលសេដ្ឋកិច្ចទី២ របស់ប្រទេសកម្ពុជា ដោយក្នុងក្រុងមានមជ្ឈមណ្ឌលពាណិជ្ជកម្មទំនើបៗ ដែលអាចទាក់ទាញវិស័យទេសចរណ៍ និងក្លាយជាច្រកបង្កើនសេដ្ឋកិច្ចប្រទេស៕

ប្រភព៖ ក្រសួងព័ត៌មាន