ប្រពៃណាស់! ដោយចង់ជួយកសិករ វិនិយោគិនសិង្ហបុរី និងកម្ពុជាចាប់ដៃគ្នាអភិវឌ្ឍន៍បន្លែសុវត្ថិភាពសម្រាប់ទីផ្សារកម្ពុជា និងនាំចេញទៅក្រៅប្រទេស
សេដ្ឋកិច្ច February 20, 2021 Khmernote

ដោយសំលឹងឃើញពីសក្ដានុពលនៃការអភិវឌ្ឍន៍បន្លែសុវត្ថិភាពនៅក្នុងប្រទេសកម្ពុជា វិនិយោគិនសិង្ហបុរី និងវិនិយោគិនកម្ពុជា បានរួមគ្នាក្នុងការអភិវឌ្ឍន៍បន្លែសុវត្ថិភាពដើម្បីផ្គត់ផ្គង់នៅលើទីផ្សារក្នុងស្រុក នឹងសម្រាបនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ លោក ឃិន ម៉ារិទ្ធ អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអភិវឌ្ឍន៍សុវត្ថិភាព Agrion Cambodia បានឱ្យដឹងថា ដោយចង់ជួយដល់កសិករ ជាពិសេសជួយដល់ប្រជាជនកម្ពុជា ទទួលបានចំណីអាហារ ក្នុងនោះបន្លែផងដែរ ដែលមានសុវត្ថិភាព ក្រុមហ៊ុនសិង្ហបុរី និងកម្ពុជា បានសម្រេចក្នុងការដាក់ទុនរួមគ្នា ដើម្បីអភិវឌ្ឍន៍បន្លែសុវត្ថិភាពនៅក្នុងប្រទេសកម្ពុជា។

ក្នុងកិច្ចសហការនេះ ភាគីទាំងពីរក៏បានចាប់ដៃគូជាមួយនឹងប្រជាពលរដ្ឋក្នុងសហគមន៍ ដើម្បីដាំបន្លែសុវត្ថិភាពនេះដែរ ដោយរហូតមកដល់ពេលនេះ មានកសិករប្រមាណ៤៨០គ្រួសារ និងក្នុងបណ្ដាខេត្តចំនួន៩ ហើយគោលដៅនឹងពង្រីកឱ្យបាន១៣ខេត្តទូទាំងប្រទេស ក្នុងការអភិវឌ្ឍបន្លែសុវត្ថិភាពនេះ ។

លោកបន្តថា ជំហ៊ានដំបូង នឹងជំរុញឱ្យពលរដ្ឋកម្ពុជា យល់ដឹងពីការទទួលទានបន្លែសុវត្ថិភាព និង គាំទ្ររបស់កសិករកម្ពុជា។ នៅពេលបន្លែសុវត្ថិភាពនេះ បានជ្រួតជ្រាបដល់ប្រជាពលរដ្ឋកម្ពុជា ជំហ៊ានបន្ទាប់ពួកយើងនឹង ជំរុញឱ្យកសិករអភិវឌ្ឍន៍ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ហើយទីផ្សារដែលយើងគិតគូរ ក្នុងការនាំចេញនោះទីផ្សារសិង្ហបុរី ដោយសារប្រទេសនេះ មានតម្រូវការបន្លែខ្ពស់ និងនាំចូលពីប្រទេសវៀតណាម និងប្រទេសថៃជាច្រើន ដូច្នេះកម្ពុជាក៏អាចបញ្ជ្រាបទីផ្សារផលិតផល ទៅកាន់ទីផ្សារប្រទេសសិង្ហបុរីបានផងដែរ។

លោកបានបន្តឱ្យដឹងទៀតថា ដើម្បីជំរុញដល់កសិករដាំដុះបន្លែសុវត្ថិភាពឱ្យបានកាន់តែច្រើន ក្រុមការងារបច្ចេកទេស ត្រូវចុះណែនាំដល់កសិករក្នុងការដាំដុះ ទៅតាមបច្ចេកទេស និងផលិតផលនូវបន្លែដែលមានសុវត្ថិភាព សម្រាប់អ្នកទទួលទាន។ ម្យ៉ាងទៀតដើម្បីឱ្យកសិករ កាន់តែមានទំនុកចិត្តក្រុមហ៊ុន ក៏មានការធ្វើកិច្ចសន្យាកសិកម្មជាមួយកសិករដែរ តែក្នុងនោះ យើងមិនកំណត់តម្លៃ ក្នុងការទិញលក់ឡើង តែយ៉ាងណាយើមិនធ្វើឱ្យកសិករកម្ពុជា អស់សង្ឃឹមក្នុងការដាំដុះ ឬមិនធ្វើឱ្យកសិករខាតបង់នោះដែរ ។

លោក ឃិន ម៉ារិទ្ធ បន្តថា គម្រោងអភិវឌ្ឍន៍បន្លែសុវត្ថិភាពនេះដែរ ក៏មានការគាំទ្រទាំងថវិកា និងបច្ចេកទេសពីទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់កិច្ចអភិវឌ្ឍអន្តរជាតិ (USAID) របស់សហរដ្ឋអាមេរិកផងដែរ ដូច្នេះ យើងជឿថាគម្រោងនេះនឹងជួយដល់កសិករកម្ពុជា មានជីវភាពល្អប្រសើរមួយកម្រិតទៀតដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន