រោងចក្រផលិតសំបកកង់យានយន្តតម្លៃ ១៥លានដុល្លារ នឹងរះឡើងលើទឹកដីក្នុងខេត្តមួយនេះ ក្រោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័ត
សេដ្ឋកិច្ច February 20, 2021 Khmernote

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឲ្យដឹងថា គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន ​“CART TIRE CO., LTD” តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្ត។ បើតាមសេចក្ដីប្រកាសព័ត៌មានដដែល គម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្តរបស់ក្រុមហ៊ុនខាងលើ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ បាវិត ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ ១៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៨០កន្លែង។

សូមជម្រាបផងដែរថា ការវិនិយោគនេះត្រូវបានអនុម័តចំពេលមានការរីករាលដាលនៃវីរុស Covid-19 ដែលបង្ហាញពីទំនុកចិត្តរបស់វិនិយោគិនក្នុងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច នយោបាយ និងសង្គម របស់ប្រទេសកម្ពុជា ទោះបីជាមានការគំរាមកំហែងពីការរីករាលដាលនៃជំងឺរាតត្បាតក៏ដោយ៕

(រូបតំណាង)

អត្ថបទ៖ លីនី