ក្រសួងសាធារណការកំណត់ឱ្យក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ ឱ្យរួចរាល់នៅត្រឹមខែមេសា ឆ្នាំក្រោយ
សេដ្ឋកិច្ច February 19, 2021 Khmernote

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានកំណត់ឱ្យក្រុមហ៊ុនសាងសង់ឱ្យរួចរាល់នូវផ្លូវជាតិលេខ២ និងលេខ២២ នៅត្រឹមខែមេសាឆ្នាំ២០២២ ខណៈល្បឿនការងារ បច្ចុប្បន្នមានភាពយឺតយ៉ាវជាងផែនការ។ ថ្លែង ក្នុងដំណើរចុះត្រួតពិនិត្យ វឌ្ឍនភាពការងារសាងសងកំណាត់ផ្លូវជាតិលេខ២ និងលេខ២២ នៅថ្ងៃទី១៩ ខែកុម្ភៈនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ក្នុងផែនការ គឺរាជរដ្ឋាភិបាលបានកំណត់ឱ្យក្រុមហ៊ុនទទួលសិទ្ធិសាងសង់អនុវត្តការងារត្រូវប្រើរយៈ ពេល៣០ខែ គិតចាប់ពីថ្ងៃបើកការដ្ឋាន ដោយគិតមកដល់ពេលនេះ គឺអស់ពេលជាង៥០ភាគរយហើយ ប៉ុន្តែល្បឿននៃការសាងសង់ទើបសម្រេចបាន ២៧ភាគរយប៉ុណ្ណោះ។ ឯកឧត្តម មានប្រសាសន៍ថា ក្រុមហ៊ុន ត្រូវតែបន្ថែមគ្រឿងចក្រ និងកម្លាំងពលកម្ម ដើម្បីពន្លឿនការសាងសង់ ខណៈក្នុងរដូវប្រាំង នេះ ជាពេលវេលាល្អបំផុតសម្រាប់ការសាងសង់។

រាជរដ្ឋាភិបាល បានចាប់ផ្តើមកែលម្អកំណាត់ផ្លូវជាតិលេខ២ពីក្រុងតាខ្មៅ ដល់ក្រុងដូនកែវ និងកំណាត់ផ្លូវជាតិលេខ២២ ពីរង្វង់មូលអូរចំបក់ ក្រុងដូនកែវដល់ផ្លូវជាតិលេខ៣ ត្រង់ផ្សារអង្គតាសោម កាលពីខែកុម្ភៈ ឆ្នាំ២០២០ ក្នុងគម្រោងសម្បទានពីធនាគារនីហរ័ណអាហរ័ណកូរ៉េនៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលមានទឹកប្រាក់សរុបជាង៥៦លានដុល្លារអាមេរិក ដោយផ្តល់សិទ្ធិទៅឱ្យក្រុមហ៊ុន Hanshin Engineering & Construction Co., Ltd របស់កូរ៉េជាអ្នកសាងសង់។

គម្រោងកែលម្អផ្លូវជាតិទាំងពីរខ្សែនេះ នឹងត្រូវធ្វើការពង្រីកលើផ្លូវចាស់ដោយក្រាលកៅស៊ូ AC (Asphalt Concrete) សាងសង់ស្ពានថ្មីចំនួន១១កន្លែង និងស្ថាបនាលូរំដោះទឹកភ្លៀង មានលូជ្រុងកាត់ទទឹងថ្នល់៥៦កន្លែង និងលូមូលកាត់ទទឹងថ្នល់១៧កន្លែង។

ការស្ថាបនានេះ បែងចែកជាបីកំណាត់ផ្លូវធំៗ ដោយកំណាត់ទី១ ចាប់ផ្តើមចេញពីរង្វង់មូលតាខ្មៅ ដល់រង្វង់មូលស្ត្រីបីកួរស្រូវ មាន ប្រវែងជាង៨គីឡូម៉ែត្រ ត្រូវពង្រីកពី២គន្លង ទៅ៤គន្លង ដោយនៅតំបន់ទីប្រជុំជនមានទទឹងផ្លូវ១៥ម៉ែត្រ និងក្រៅតំបន់ទីប្រជុំជនមានទទឹងផ្លូវ២០,៥ម៉ែត្រ។ កំណាត់ទី២ ចាប់ផ្តើមចេញពីរង្វង់មូលស្រ្តីបីកួរស្រូវ ដល់រង្វង់មូលអូរចំបក់ដែលមានប្រវែងជាង៥៣គីឡូម៉ែត្រ ដែលផ្លូវស្ថិតក្នុងតំបន់ជនបទដោយរៀបចំមាន២ គន្លង ក្នុងទំហំផ្លូវទទឹង១៣ម៉ែត្រ។ កំណាត់ទី៣ ចាប់ផ្តើមពីរង្វង់មូលអូរចំបក់ ដល់ផ្សារអង្គតាសោម(ផ្លូវជាតិលេខ ២២) ដែលមានប្រវែងជាង៩គីឡូម៉ែត្រ ស្ថិតក្នុងតំបន់ជនបទ ដោយកំណាត់ផ្លូវនេះមានទំហំទទឹងផ្លូវសរុប១៣ម៉ែត្រ៕